គិតត្រឹមខែសីហា ឆ្នាំ ២០១៧នេះ ទំហំវិនិយោគរបស់ចិន នៅកម្ពុជា មានរហូតដល់ជាង ១៦ពាន់លានដុល្លារអាមេរិក។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានជាតិ។
ក្នុងនោះដែរ គម្រោងជាង ១១០ មានទុនវិនិយោគជាង ៣១០លានដុល្លារអាមេរិក គឺស្ថិតនៅកម្ពុជា តំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ ហើយបង្កើតការងារជាង ១៦ពាន់កន្លែង។
សម្រាប់ ការបោះទុនសរុបនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសទាំងអស់នៅកម្ពុជា គឺមានជាង ២៤២៤ពាន់លានដុល្លារអាមេរិក ដែលផ្តល់ការងារជាង ១សែនកន្លែង។
ក្នុងឆ្នាំ ២០១៦ ការនាំចេញរបស់តំបន់សេដ្ឋកិច្ចពិសេសទាំងអស់គឺ ១៣៥៤លានដុល្លារអាមេរិក ស្មើនឹង ១៣.៤ភាគរយនៃការនាំចេញរបស់ ប្រទេសកម្ពុជា។
កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនចិនប្រមាណជា ៦០ក្រុមហ៊ុន បានប្រកាសស្វែងរកដៃគូពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា ដើម្បីរួមចំណែកពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការអាជីវកម្ម ក្នុងវិស័យនានា រវាងប្រទេសទាំងពីរ។ នេះបើយោងតាមការឲ្យដឹងពីក្រសួងពាណិជ្ជកម្ម។
គួរជម្រាបដែរថា ក្នុងយុទ្ធសាស្រ្តអភិវឌ្ឍន៍សេដ្ឋកិច្ចពាណិជ្ជកម្ម ប្រមុខដឹកនាំនៃប្រទេសទាំងពីរបានដាក់ចេញនូវ ផែនការបង្កើនទំហំពាណិជ្ជកម្មសរុបរវាងប្រទេសទាំងពីរ ឲ្យសម្រេចបានទឹកប្រាក់ចំនួន ៥ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០១៧នេះ៕
មតិយោបល់