ព័ត៌មានសេដ្ឋកិច្ច

VISA Card នឹងអាចប្រើប្រាស់ សម្រាប់ទូទាត់ថ្លៃប័ណ្ណចូលទស្សនាអង្គរ ក្នុងពេលឆាប់ៗ

គ្រឹះស្ថានអង្គរ បានចុះ MOU ជាមួយក្រុមហ៊ុន VISA រួចរាល់ហើយ ដើម្បីប្រតិបត្តិការទូទាត់ ការទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ តាមរយៈម៉ាស៊ីនឆូតកាតរបស់ ធនាគារអេស៊ីលីដា។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានជាតិ។

ប័ណ្ណ VISA នឹងអាចប្រើប្រាស់ សម្រាប់ទិញប័ណ្ណចូលទស្សនាតំបន់អង្គរ នាពេលឆាប់ៗខាងមុខនេះ ក្រោយក្រុមហ៊ុន វីសា ប្រកាសទទួលយកការទូទាត់តាម ប័ណ្ណវីសា ចំពោះការទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ដែលជាគោលដៅទេសចរណ៍ពេញនិយមបំផុតរបស់ពិភពលោក។

ការផ្លាស់ប្តូរពី ការទូទាត់ជាសាច់ប្រាក់ ទៅជា ការទូទាត់បែបអេឡិចត្រូនិក នឹងផ្តល់ជូនភ្ញៀវទេសចរ នូវបទពិសោធន៍ថ្មី និងភាពងាយស្រួលនៃការទូទាត់កាន់តែរហ័សជាងមុន។

ជាផ្នែកមួយនៃកិច្ចព្រមព្រៀង ក្រុមហ៊ុន វីសា នឹងមានការបញ្ចុះតម្លៃជូន ៣ភាគរយលើ សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ដែលបានទិញដោយប្រើប្រាស់ប័ណ្ណវីសា ចាប់ពីខែតុលា ដល់ចុងខែវិច្ឆិកា ឆ្នាំ២០១៧នេះ។

គួររម្លឹកថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចឲ្យមានការលក់ប័ណ្ណចូលទស្សនាតំបន់អង្គរ តាមប្រព័ន្ធអនឡាញ ដោយទូទាត់តាមរយៈ Credit Card។

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងទេសចរណ៍ បានសម្រេចឲ្យគ្រឹះស្ថានអង្គរ រៀបចំឲ្យមានការលក់ប័ណ្ណតាមប្រព័ន្ធអនឡាញ ដោយភ្ញៀវទេសចរអាចទូទាត់តាមរយៈ Credit Card។

ការដាក់ឲ្យដំណើរការប្រព័ន្ធព័ត៌មានវិជ្ជាថ្មី នឹងសម្រួលដល់ការគ្រប់គ្រងប្រតិបត្តិការលក់ ជាពិសេសការគ្រប់គ្រងចំណូល គ្រង់គ្រងការបោះពុម្ពប័ណ្ណ នឹងបង្កភាពងាយស្រួលដល់ការធ្វើសវនកម្ម។

ចាប់ពីថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ ២០១៦ សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរវត្ត បានកែប្រែតម្លៃថ្មី គឺឡើងដល់ ៣៧ដុល្លារអាមេរិក សម្រាប់ចូលទស្សនា ១ថ្ងៃ ដោយរាល់ការទិញសំបុត្រទាំងអស់ គឺកាត់ ២ដុល្លារអាមេរិក សម្រាប់ចូលមូលនិធិមន្ទីរពេទ្យគន្ធបុប្ផា។

រាជរដ្ឋាភិបាល បានធ្វើការកែសម្រួល តម្លៃសំបុត្រចូលទស្សនារមនីយដ្ឋានអង្គរ សម្រាប់ជនបរទេសនេះ គឺដើម្បីរក្សាតម្លៃសំបុត្រ ចូលទស្សនាអង្គរឲ្យ មាននិរន្តរភាព ដោយហេតុផលថា តម្លៃបណ្ណថ្មី ៣៧ដុល្លារអាមេរិក គឺនៅទាបជាង តម្លៃសំបុត្រ ២០ដុល្លារអាមេរិក ដែលបានអនុវត្តន៍ កាលពី ២០ឆ្នាំមុន រហូតមកដល់ពេលនេះ៕

មតិយោបល់