ស្ពានជ្រោយចង្វារចាស់ គ្រោងនឹងចំណាយប្រមាណ ៣៣លានដុល្លារអាមេរិក និងបិទចរាចរណ៍ ២១ខែ ដល់ខែ មិថុនា ឆ្នាំ ២០១៩ ដើម្បីចាប់ផ្តើមជួសជុលឡើងវិញ ដោយបើកការដ្ឋានជាផ្លូវការ នៅថ្ងៃទី ១ ខែតុលា ខាងមុខនេះ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន។
នាពេលបច្ចុប្បន្ន ក្រុមការងារជំនាញ បាននិងកំពុងរៀបចំស្ថាបនាគ្រឹះផ្លូវបត់ស្ពានជ្រោយចង្វារមិត្តភាពកម្ពុជា ចិន (ទី២) សម្រាប់ដាក់ឲ្យចរាចរណ៍ទ្វេទិស នៅពេលដំណើរការជួសជុលស្ពានជ្រោយចង្វារចាស់ (ទី១)។
ក្រសួងសាធារណការ និងដឹកជញ្ជូន និងរដ្ឋបាលរាជធានីភ្នំពេញ មានកិច្ចសហការជាមួយ ទីប្រឹក្សាបច្ចេកទេសជប៉ុន ដើម្បីគ្រប់គ្រងស្ថានភាពចរាចរណ៍ កាត់បន្ថយកម្រិតអប្បបរមានូវ រាល់ប៉ះពាល់ទាំងឡាយ។
យ៉ាងណាមិញ ក្រសួង និងរដ្ឋបាលរាជធានីភ្នំពេញ សូមការអធ្យាស្រ័យ និងយោគយល់របស់ប្រជាពលរដ្ឋទាំងអស់ បើអាច សូមជៀសវាងការធ្វើដំណើរទៅកាន់ទីតាំងរង្វង់មូលស្ពាន ជាពិសេសក្នុងម៉ោងមមាញឹក។
បច្ចុប្បន្ន ស្ពានជ្រោយចង្វារចាស់ មានសភាពចាស់ទ្រុឌទ្រោម ដែលទទួលរងនូវការខូចខាត ទាមទារឲ្យមានការជួសជុលឡើងវិញ ដោយតម្រូវឲ្យបិទចរាចរណ៍ឆ្លងកាត់ទាំងស្រុង ដើម្បីបង្កភាពងាយស្រួលដល់ការអនុវត្តគម្រោងជួសជុល។
គួរបញ្ជាក់ថា ស្ពានជ្រោយចង្វារចាស់ មានប្រវែង ៧០៩ម៉ែត្រ មានសភាពចាស់ទ្រុឌទ្រោម ដែលទាមទារឲ្យមានការជួសជុលឡើងវិញ តែដោយសារបញ្ហាកកស្ទះចរាចរណ៍ ទើបពន្យារពេលជួសជុលមកទល់ពេលនេះ៕
មតិយោបល់