ក្រសួងអប់រំ យុវជន និងកីឡា សូមជម្រាបថា មន្ត្រីរាជការ គ្រូបង្រៀន អតីតមន្ត្រីរាជការ និងអតីតគ្រូបង្រៀន នៃក្រសួងអប់រំ យុវជន និងកីឡា អាចទៅទទួលសេវាថែទាំសុខភាពដោយឥតបង់ប្រាក់ នៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ និងមន្ទីរពេទ្យឯកជន ដែលបានចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស ជូនដល់មន្ត្រីសាធារណៈ និងអតីតមន្ត្រីរាជការ ដោយគ្រាន់តែភ្ជាប់មកជាមួយនូវ ប័ណ្ណសម្គាល់ខ្លួនមន្ត្រីរាជការ និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ តទៅ ។
សម្រាប់ប័ណ្ណសម្គាល់ខ្លួនហួសកាលបរិច្ឆេទកំណត់ ៖
– ចំពោះអតីតមន្ត្រីរាជការបម្រើការនៅក្រោមឱវាទទីស្ដីការក្រសួង ត្រូវបញ្ជាក់ពីប្រធានអង្គភាពក្រោមឱវាទទីស្ដីការក្រសួង
– ចំពោះអតីតមន្ត្រីរាជការ និងអតីតគ្រូបង្រៀនបម្រើការនៅរាជធានី/ខេត្ត ត្រូវបញ្ជាក់ពីប្រធានមន្ទីរអប់រំ យុវជន និងកីឡា រាជធានី/ខេត្ត។
ក្នុងករណីនេះ ប្រធានអង្គភាពសាមី ត្រូវរួសរាន់ចេញលិខិតបញ្ជាក់ពី អត្តសញ្ញាណជូន អតីតមន្រ្តីរាជការ ឬអតីតគ្រូបង្រៀន ឲ្យបានទាន់ពេលវេលា៕
មតិយោបល់