ព័ត៌មានជាតិ

ចោរឥឡូវពិតជាជំនាញណាស់ សូម្បីតែរថយន្តក៏លួចបានដែរ!

ភ្នំពេញ: រថយន្តប្រភេទសាំយ៉ុង ពណ៌សមួយគ្រឿងដែលម្ចាស់ទុកនៅមុខផ្ទះត្រូវក្រុមចោរលួចយកទៅបាត់ដោយសុវត្ថិភាព។

ហេតុការណ៍បាត់រថយន្តខាងលើបង្កឲ្យការភ្ញាក់ផ្អើកាលពីម៉ោង១ និង៣៥នាទីយប់ រំលងអធ្រាត្រ ឈានចូលថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៧ នៅចំណុចមុខផ្ទះលេខ៥៨ ផ្លូវ៨បេ ភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលជាម្ចាស់រថយន្តមានឈ្មោះ អ៊ឹម ម៉េងឃាង ភេទប្រុស អាយុ៤៦ឆ្នាំ មុខរបរបើកបររថយន្តដឹកភ្ញៀវ ស្នាក់នៅភូមិឃុំកើតហេតុ មានស្រុកកំណើតភូមិស្តៅ ឃុំស្តៅ ស្រុកកងមាស ខេត្តកំពង់ចាម។

តាមសម្តីម្ចាស់រថយន្តបានប្រាប់ថា កាលពីម៉ោង១១យប់ ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៧ ក្រោយពីត្រឡប់មកពីដឹកភ្ញៀវវិញគាត់បានយករថយន្តរបស់គាត់ម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2Z-5634 ចតទុកមុខផ្ទះហើយក៏ចូលសម្រាកទៅរហូតដល់ម៉ោង១ និង៣០នាទី គាត់ក្រោកពីដំណេកគោលបំណងយករថយន្តដឹកភ្ញៀវចេញទៅខេត្តសៀមរាប ស្រាប់តែបាត់រថយន្តតែម្តង ទើបបង្កភ្ញាក់ផ្អើឡើង។

រួចមកទើបទៅឆែករូបនៅកាំមេរ៉ាសុវត្ថិភាពបានឃើញជនសង្ស័យ២នាក់ បានធ្វើសកម្មភាពលួចរថយន្តខាងលើនៅម៉ោង១និង១៥នាទីមុនម្ចាស់បន្តិចប៉ុណ្ណោះដោយឃើញនាំគ្នារុញចេញមកក្រៅហើយទើបញ្ឆេះចេញទៅដោយសុវត្ថិភាពតែម្តង។

ក្រោយកើតហេតុម្ចាស់បានត្រឹមកាន់កាតគ្រីរថយន្តមកកាន់ប៉ុស្តិ៍នគរបាលដើម្បីដាក់ពាក្យបណ្តឹងនិងឲ្យសមត្ថកិច្ចមូលដ្ឋានជួយស្រាវជ្រាវឲ្យ តែប៉ុណ្ណោះ៕

មតិយោបល់