នៅលើទីផ្សារបច្ចុប្បន្ន សំបុកត្រចៀកកាំ កំពុងបន្តកើនឡើងថ្លៃ និងមានតម្រូវការខ្ពស់ ដែលមានតម្លៃជាង ១០០០ដុល្លារអាមេរិក ក្នុង១គីឡូក្រាម។ នេះបើយោងតាមការឲ្យដឹងពី សហព័ន្ធត្រចៀកកាំកម្ពុជា។
លោក មៀវ សុខទ្រី អគ្គលេខាធិការសហព័ន្ធត្រចៀកកាំកម្ពុជា បានបញ្ជាក់ឲ្យដឹងថា ការចិញ្ចឹមត្រចៀកកាំនៅកម្ពុជា កំពុងកើនឡើង ដោយសារការកើនឡើងតម្លៃ និងមានតម្រូវការខ្ពស់ ហើយការចិញ្ចឹម មិនត្រូវការពេលវេលាច្រើន គ្រាន់តែរៀបចំសាងសង់ផ្ទះ ទុកឲ្យត្រចៀកកាំរស់នៅ និងទទួលបានផលត្រលប់មកវិញ។
លោកបន្តថា ការចិញ្ចឹមត្រចៀកកាំនេះ គឺមានរហូតរាប់ពាន់ផ្ទះត្រចៀកកាំ ដែលភាគច្រើនស្ថិតនៅខេត្តព្រះសីហនុ កំពត និងខេត្តកោះកុង ដែលជាតំបន់ឆ្នេរ ផ្តល់ភាពអនុគ្រោះដល់ការចិញ្ចឹម។
យ៉ាងណាមិញ សហព័ន្ធនឹងរៀបចំបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពបន្ថែមដល់ ម្ចាស់អាជីវកម្ម និងអ្នកចិញ្ចឹមត្រចៀកកាំនៅកម្ពុជា ទាក់ទងនឹងបច្ចេកទេសថ្មីៗ ក្នុងការថែទាំផ្ទះ និងការចិញ្ចឹមត្រចៀកកាំ ដើម្បីបង្កើនគុណភាពឲ្យបានល្អ សម្រាប់ធ្វើការនាំចេញទៅកាន់ទីផ្សារក្រៅប្រទេស។
គួរជម្រាបដែរថា ទីផ្សារនំាចេញសំបុកត្រចៀកកាំធំជាងគេគឺ ប្រទេសចិន បន្ទាប់មកវៀតណាម ម៉ាឡេស៊ី និងថៃ ដែលនាំចេញសរុបប្រមាណ ១០០តោនក្នុងមួយឆ្នាំ៕
មតិយោបល់