រដ្ឋមន្រ្តីនៃប្រទេសកម្ពុជា ឡាវ វៀតណាម បានឯកភាពគ្នាក្នុងការបង្កើតគេហទំព័រពាណិជ្ជកម្មរួមគ្នាមួយ នៅពេលឆាប់ៗខាងមុខនេះ ដើម្បីចែករំលែករាល់ព័ត៌មានស្តីពីទីផ្សារ និងគោលនយោបាយផ្សេងៗ សំដៅគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម ដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេសទាំងបី។ នេះបើយោងតាមគេហទំព័រផ្លូវការរបស់ក្រសួងពាណិជ្ជកម្ម ចេញផ្សាយកាលពីម្សិលមិញនេះ។
លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាជាមួយ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មនៃប្រទេសវៀតណាម និង រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មនៃប្រទេសឡាវ លើកិច្ចសម្រួលពាណិជ្ជកម្មនៅតាមព្រំដែន។
លោក ក៏បានបង្ហាញចេតនាក្នុងការចូលរួមកិច្ចប្រជុំគណៈកម្មការពាណិជ្ជកម្មតំបន់ព្រំដែន ដែលគ្រោងនឹងធ្វើឡើងនៅឆ្នាំក្រោយ ដើម្បីជម្រុញលំហូរពាណិជ្ជកម្ម និងការវិនិយោគឆ្លងកាត់បន្ទាត់ព្រំដែន។
គួរជម្រាបផងដែរថា គម្រោងបង្កើតគេហទំព័រពាណិជ្ជកម្មរួមគ្នានេះ អាចឲ្យប្រទេសទាំងបី បង្ហាញពីសក្តានុពលនៃប្រទេសនីមួយៗ ដែលអាចសហការគ្នា ជម្រុញការអភិវឌ្ឍន៍លើវិស័យពាណិជ្ជកម្មឲ្យលូតលាស់ទៅមុខជាលំដាប់៕

មតិយោបល់