ព័ត៌មានសេដ្ឋកិច្ច

កាន់កាត ATM តែមួយ ប្រើបានជាមួយគ្រប់ម៉ាស៊ីនទូទាំងប្រទេស ចាប់ផ្តើមជំហានដំបូង

ធនាគារជាតិនៃកម្ពុជា បានចាប់ផ្តើមដាក់ឲ្យប្រើប្រាស់ប្រព័ន្ធ ចែករំលែកកណ្តាល (Cambodian Shared Switch: CSS) ដែលអនុញ្ញាតិឲ្យអ្នកប្រើប្រាស់កាត ATM អាចធ្វើប្រតិបត្តិការជាមួយម៉ាស៊ីន ATM របស់គ្រប់គ្រឹះស្ថានហិរញ្ញវត្ថុក្នុងស្រុកទាំងអស់ ទូទាំងប្រទេសកម្ពុជា។

ជាជំហានដំបូង គឺមាន ធនាគារអេស៊ីលីដា ធនាគារស្ថាបនា និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ បានដាក់ឲ្យដំណើរការជាបឋមហើយ ដែលអនុញ្ញាតឲ្យ អតិថិជនធ្វើប្រតិបត្តិការអន្តរធនាគារតាមរយៈ ប័ណ្ណទូទាត់លើម៉ាស៊ីន ATM និង POS របស់គ្រឹះស្ថានជាសមាជិក។

ប្រព័ន្ធ CSS ផ្តល់លទ្ធភាពដល់ អតិថិជនរបស់គ្រឹះស្ថានជាសមាជិក ក្នុងការធ្វើប្រតិបត្តិការទូទាត់ទំនិញ និងសេវា ដកប្រាក់ ផ្ទេរប្រាក់អន្តរធនាគារ ពិនិត្យសមតុល្យគណនី និងរបាយការណ៍ហិរញ្ញវត្ថុសង្ខេប តាមម៉ាស៊ីន ATM ឬ POS របស់គ្រឹះស្ថានដែលជាសមាជិកប្រព័ន្ធ CSS។

ក្រៅពីគ្រឹះស្ថានទាំង ៣ខាងលើ នៅមានគ្រឹះស្ថានធនាគារពាណិជ្ជ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើផ្សេងទៀត បាននិងកំពុងដាក់ពាក្យសុំចូលជាសមាជិក ហើយគ្រឹះស្ថានហិរញ្ញវត្ថុទាំងអស់ គ្រោងនឹងចូលរួមក្នុងប្រតិបត្តិការ ឲ្យបានមុនឆ្នាំ ២០១៨។

គួរបញ្ជាក់ដែរថា ម៉ាស៊ីនឆូតកាត POS សរុបនៅក្នុងវិស័យធនាគារ មានប្រមាណជិត ១ម៉ឺនគ្រឿង ខណៈម៉ាស៊ីន ATM មានជាង ១ពាន់គ្រឿង គិតត្រឹមខែធ្នូ ឆ្នាំ ២០១៥ ហើយម៉ាស៊ីន ATM របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មានប្រមាណ ៣០០គ្រឿងផងដែរ៕

មតិយោបល់