ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារជាតិនៃកម្ពុជា បានចេញសេចក្តីថ្លែងការណ៍រួមមួយ ដើម្បីបញ្ជាក់ឲ្យច្បាស់ថា មានតែធនាគារអភិវឌ្ឍន៍ជនបទតែមួយគត់ ជាធនាគាររបស់រដ្ឋ ដែលបានរួមចំណែកផ្តល់ប្រាក់កម្ចីដល់ប្រជាពលរដ្ឋ។ នេះបើយោងតាមគេហទំព័ររបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចេញផ្សាយនៅថ្ងៃនេះ។
យ៉ាងណាមិញ ប្រជាពលរដ្ឋដែលជំពាក់ប្រាក់ធនាគារអភិវឌ្ឍន៍ជនបទ ត្រូវមានកាតព្វកិច្ចសងប្រាក់មក ធនាគារវិញ ចៀសវាងយល់ច្រឡំតាមការឃោសនាភូតកុហករបស់ជនអគតិ។
ដោយសារមានប្រជាពលរដ្ឋមួយចំនួន ជាពិសេសនៅតំបន់ជនបទ មានការយល់ច្រឡំថា ធនាគារពាណិជ្ជ ធនាគារឯកទេស គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមិនទទួលប្រាក់បញ្ញើ និងប្រតិបត្តិករឥណទានជនបទ ជាគ្រឹះស្ថានរបស់រដ្ឋ ទើបរដ្ឋាភិបាលចង់បញ្ជាក់ឲ្យច្បាស់ថា គ្រឹះស្ថានទាំងនោះ គឺជាក្រុមហ៊ុនឯកជន ស្វែងរកប្រាក់ចំណេញ។
អាស្រ័យហេតុនេះ ជនណាដែលដើរឃោសនាបោកប្រាស់ប្រជាពលរដ្ឋអំពីបញ្ហាលុបបំណុល នឹងត្រូវទទួលទោសតាមផ្លូវច្បាប់៕
មតិយោបល់