ព័ត៌មានជាតិ

​CBRជិះលឿន ទៅបុករថយន្តពេញទំហឹង រងរបួសធ្ងន់បាក់កំភួនជើង

​តាកែវ: ករណីគ្រោះថ្នាក់ចរារណ៍មួយបានកើតឡើង រវាងរថយន្តនិងម៉ូតូ បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង៤ និង៤៥នាទីរសៀល ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅលើផ្លូវជាតិលេខ២ ចន្លោះគីឡូម៉ែត្រ៦៣-៦៤ ក្នុងភូមិក្តី ឃុំស្ទឹង ស្រុកសំរោង ខេត្តតាកែវ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញមានរថយន្តម៉ាក តូយូតា ហ៊ីលុច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2E-7949 ធ្វើដំណើរពីទិសខាងត្បូងទៅជើង បើកបរដោយឈ្មោះ សំ ខុន ភេទប្រុស មុខរបរ បើកបរ ស្នាក់នៅស្រុកព្រៃកប្បាស ខេត្តតាកែវ (ក្រោយពេលកើតហេតុបានរត់គេចខ្លួនបាត់) លុះមកដល់ចំណុចកើតហេតុ ក៏ត្រូវម៉ូតូម៉ាក CBR ពណ៌លឿង គ្មានស្លាកលេខ ជិះដោយឈ្មោះ ទី ពៅ ភេទប្រុស អាយុ២០ឆ្នាំ ស្រុកបារ៉ាយ ក្រុងដូនកែវ ខេត្តតាកែវ បុកពេញទំហឹង បណ្តាលឲ្យអ្នកជិះម៉ូតូរងរបួសធ្ងន់បាក់កំភួនជើងខាងឆ្វេង បញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ។

ចំពោះវត្ថុតាងទាំង២គ្រឿង យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក រង់ចាំការដោះស្រាយបន្តផងដែរ៕

មតិយោបល់