ធនាគាពិភពលោកនិយាយនៅក្នុងរបាយការណ៍ថ្មីមួយថា កំណើនសេដ្ឋកិច្ចរបស់កម្ពុជានៅតែបន្តរក្សាភាពស្វាហាប់ ហើយត្រូវបានព្យាករទុកថានឹងកើនល្បឿនបន្តិចរហូតដល់ទៅ ៦.៩ភាគរយ ក្នុងឆ្នាំ២០១៨ ដោយសារតែការស្ទុះឡើងវិញក្នុងវិស័យនាំចេញវាយនភណ្ឌនិងសំលៀកបំពាក់ អមដោយការងើបឡើងរបស់វិស័យទេសចរណ៍ និងកសិកម្ម ផងដែរ។
យោងតាមរបាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជា (Cambodia Economic Update) ចំណាយកាន់តែច្រើនឡើងរបស់រដ្ឋាភិបាល និងលក្ខខណ្ឌសេដ្ឋកិច្ចពិភពលោកមានអំណោយផល ក្នុងនោះរួមមានតម្រូវការយ៉ាងស្វាហាប់នៅក្នុងបណ្តាសេដ្ឋកិច្ចប្រទេសជឿនលឿងផង សុទ្ធតែជាកត្តាដែលត្រូវបានគេរំពឹងទុកថាជាមូលដ្ឋានទ្រទ្រង់ធ្វើឱ្យកម្ពុជាបន្តទទួលបានកំណើនសេដ្ឋកិច្ចខ្ពស់។
ប៉ុន្តែយ៉ាងណាក៏ដោយ ហានិភ័យនៅតែបន្តមាន ហើយក្នុងនោះរួមមានការបាត់បង់បន្តិចម្តងៗនូវភាពប្រកួតប្រជែងក្នុងការនាំចេញដោយសារតែការកើនឡើងយ៉ាងរហ័សនូវបៀវត្សរ៍របស់កម្មករ ពំនូនគរនៃភាពងាយរងគ្រោះដែលមានមកជាយូរមកហើយនៅក្នុងកំណើននៃវិស័យអចលនទ្រព្យនិងសំណង់ ភាពមិនច្បាស់លាស់ដែលអាចកើតមានជុំវិញការបោះឆ្នោត ភាពរញ្ជួយម្តងម្កាលបណ្តាលមកពីការគាំពារនិយម និងភាពតានតឹងខ្លាំងឡើងនៅក្នុងវិវាទពាណិជ្ជកម្មរវាងប្រទេសដែលមានការជំនួញធំៗក្នុងពិភពលោក។
លោកស្រី អ៊ិនហ្គូណា ដូប្រាចា នាយិកាគ្រប់គ្រងធនាគារពិភពលោកសម្រាប់ប្រទេសកម្ពុជា មានប្រសាសន៍ថា៖ «ដើម្បីរក្សាឱ្យបានកំណើនសេដ្ឋកិច្ចរឹងមាំ ប្រទេសកម្ពុជា សំខាន់ណាស់ ត្រូវវិនិយោគថែមទៀតទៅលើវិស័យអប់រំ និងបណ្តុះបណ្តាលជំនាញ ហើយស្របពេលគ្នានោះដែរ ត្រូវប្រឹងរកដំណោះស្រាយដល់ឧបសគ្គនានាដែលធុរកិច្ចធុនតូចនិងមធ្យមកំពុងជួបប្រទះ។ ការវិនិយោគទៅលើមនុស្សជាជម្រើសដ៏ប្រសើរបំផុតសម្រាប់ឈានទៅកាន់អនាគតមួយកាន់តែចម្រុងចម្រើន»។
របាយការណ៍នេះបានធ្វើកត់សម្គាល់ថា ប្រទេសកម្ពុជាអាចធ្វើឱ្យកំណើនសេដ្ឋកិច្ចកាន់តែមានចម្រុះភាពជាងមុន និងបង្កើតការងារបានកាន់តែច្រើនថែមទៀត តាមរយៈការកាត់បន្ថយចំណាយរបស់ក្រុមហ៊ុនទៅលើដំណើរការបំពេញបែបបទបង្កើតក្រុមហ៊ុន ទៅលើផ្នែកប្រតិបត្តិការ និងទៅលើការធ្វើហិរញ្ញប្បទាន។ របាយការណ៍នេះក៏បានផ្តល់ផងដែរនូវអនុសាសន៍ឱ្យប្រទេសកម្ពុជាធ្វើការតាមឃ្លាំមើលឱ្យបានដិតដល់ទៅលើដំណើរស្ទុះឡើងនៅក្នុងវិស័យសំណង់និងអចលនទ្រព្យ ដោយរៀបចំឱ្យមានគោលនយោបាយប្រុងប្រយ័ត្នជាលក្ខណៈម៉ាក្រូ ដែលនឹងជួយបន្ថយវិសាលភាពរបស់សកម្មភាពដែលកេងយកចំណេញនៅក្នុងវិស័យទាំងនេះ។
ការមកដល់របស់ភ្ញៀវទេសចរបានកើនដល់ទៅ ១១,៨ភាគរយ នៅក្នុងឆ្នាំ២០១៧ ប្រៀបទៅនឹងកំណើន ៥ភាគរយនៅក្នុងឆ្នាំ២០១៦ ដោយសារលទ្ធផលនៃកិច្ចខិតខំរបស់អាជ្ញាធររដ្ឋាភិបាលក្នុងការធ្វើឱ្យមានការហោះហើរកាន់តែច្រើនមកពីក្នុងតំបន់ រួមទាំងពីប្រទេសចិនផង ដែលជាទីផ្សារសំខាន់មួយសម្រាប់វិស័យទេសចរណ៍។ វិស័យកសិកម្មក៏មានការស្ទុះឡើងដែរ ជាមួយនឹងការពង្រីកផ្ទៃដីធ្វើស្រូវនិងចម្ការកៅស៊ូ និងការងើបឡើងវិញបន្តិចម្តងៗរបស់តម្លៃកសិផល។
បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជា (Cambodia Economic Update) ជារបាយការណ៍ដែលត្រូវបានរៀបចំឡើងពីរដងក្នុងមួយឆ្នាំ សម្រាប់ផ្តល់ព័ត៌មានថ្មីៗបំផុតអំពីការវិវត្តស្ថានភាពម៉ាក្រូសេដ្ឋកិច្ចរបស់កម្ពុជា ទាំងក្នុងរយៈពេលខ្លី និងក្នុងរយៈពេលមធ្យម៕
មតិយោបល់