ក្រុមហ៊ុនអាកាសចរណ៍របស់ចិន រួយលី (Ruili) ចាប់ផ្តើមបើកជើងហោះហើរដំបូងមកកាន់កម្ពុជា ដោយភ្ជាប់ជើងហោះហើរត្រង់ពី ទីក្រុងគុនមីង មកព្រលានយន្តហោះក្រុងព្រះសីហនុ ខណៈដែលភ្ញៀវទេចរចិនមកលេងកម្ពុជាមានការកើនឡើង។
លោក Ma Zhanwei នាយកប្រតិបត្តិរងក្រុមហ៊ុនអាកាសចរណ៍ រួយលី បានលើកឡើងថា ការបើកជើងហោះហើរបន្ថែមមកកម្ពុជា ហើយហោះត្រង់ទៅកាន់ក្រុងព្រះសីហនុនេះ គឺដោយសារ ក្រុមហ៊ុនបានមើលឃើញពីកំណើនភ្ញៀវទេសចរចិន មកទស្សនាកម្ពុជា មានការកើនឡើងឥតឈប់ឈរ ដោយក្នុងនោះខេត្ដព្រះសីហនុ ជាខេត្តមានសក្តានុពលសំខាន់របស់កម្ពុជា សម្រាប់ការលំហែកម្សាន្តរបស់ជនជនចិន ពិសេសគឺប្រជាពលរដ្ឋក្នុង ខេត្តគុនមីងផ្ទាល់តែម្តង។
លោកបានបន្តថា យន្តហោះប្រភេទប៉ូអ៊ីង B787-9នេះ នឹងធ្វើប្រតិបត្តិការហោះហើរ ៣ថ្ងៃក្នុង១សប្ដាហ៍ និងហោះ១ជើងក្នុង១ថ្ងៃ ហើយអាចផ្ទុកអ្នកដំណើរបានប្រមាណ ២៥០នាក់។
ទន្ទឹមនេះ ក្រុមហ៊ុនអាកាសចរណ៍មួយនេះ នឹងបន្តបើកជើងហោះហើរត្រង់បន្ថែមទៀតតភ្ជាប់ មកខេត្តសក្តានុពលរបស់កម្ពុជា ផ្សេងទៀតទៅកាន់ខេត្តយូណានផងដែរ នាពេលខាងមុខ។
លោក ឡុង លុច អគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តយូណាន បានអបអរសាទរដល់ក្រុម ហ៊ុន Ruili Airlines ដែលបានបើកជើងហោះហើរត្រង់ពីខេត្តគុនមីង-ព្រះសីហនុថ្មីនេះ ដែល បានឱ្យដឹងថា នឹងកើនតែធ្វើឱ្យភ្ញៀវទេសចរ រវាងខេត្តនៃប្រទេសទាំងពីរអាចធ្វើដំណើរ ទៅមកមានភាពងាយស្រួល ហើយនឹងធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែប្រសើរឡើង ជាពិសេសគឺកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចវប្បធម៌ និងទេសចរណ៍។
គួរបញ្ជាក់ថា នេះគឺជាលើកដំបូងហើយ ដែលក្រុមហ៊ុនអាកាសចរណ៍ Ruili ឈានជើងចូលក្នុង ទីផ្សារអន្តរជាតិ បន្ទាប់ពីបើកប្រតិបតិ្តការហោះហើរអស់រយៈពេលបីឆ្នាំក្នុង ខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន ហើយរហូតមកដល់ពេលនេះ បានបើកជើងហោះហើរត្រង់ពីក្រុង គុនមីង មកក្រុងព្រះសីហនុ របស់ប្រទេសកម្ពុជា៕
មតិយោបល់