ព័ត៌មានសេដ្ឋកិច្ច

ក្រសួងពាណិជ្ជកម្ម គ្រោងចំណាយ ៦១លានដុល្លារ ដោះស្រាយវិបត្តិទីផ្សារកសិកម្ម

ក្រសួងពាណិជ្ជកម្ម គ្រោងនឹងចំណាយប្រមាណជាង ៦១លានដុល្លារអាមេរិក ដើម្បីដោះស្រាយវិបត្តិទីផ្សារកសិកម្ម តាមរយៈការភ្ជាប់ផលិតកម្មកសិកម្មទៅនឹងទីផ្សារក្នុងស្រុក និងទីផ្សារនាំចេញ ដែលមានសក្តានុពលចំណេញច្រើន។

កាលពីម្សិលមិញ គម្រោងជម្រុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច ត្រូវបានប្រកាសឲ្យអនុវត្តន៍ជាផ្លូវការ ដោយទទួលបានឥណទានពី មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម IFAD ជាប្រាក់កម្ចីប្រមាណ ៣៦លានដុល្លារអាមេរិក រួមផ្សំជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាល វិស័យឯកជន និងអ្នកទទួលផល សរុបប្រមាណ ៦១លានដុល្លារអាមេរិក។

គម្រោងនេះ នឹងផ្តោតលើការអភិវឌ្ឍខ្សែសង្វាក់តម្លៃគោលដៅចំនួន ៥ រួមមាន ស្រូវ ដំឡូងមី បន្លែ មាន់ស្រែ និងសរសៃសូត្រ ហើយត្រូវបានសង្ឃឹមថា ប្រមាណ ៧៥០០០គ្រួសារ នឹងបង្កើនធនធានរបស់ពួកគាត់ពីកសិកម្ម បានយ៉ាងតិច ៣០ភាគរយ ក្រោយបញ្ចប់គម្រោង។

លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានសង្កត់ធ្ងន់ថា ប្រជាជនកម្ពុជាប្រមាណ ៧៩ភាគរយ ពឹងផ្អែកលើកសិកម្មជាប្រភពនៃចំណូល ក្នុងន័យនេះគឺ ក្រសួងពាណិជ្ជកម្ម ផ្តល់អាទិភាពដល់ផលិតផលកសិកម្ម ហើយគម្រោងនេះ មានបំណងកាត់បន្ថយការនាំចូលកសិផលមួយចំនួន ជំនួសដោយកសិផលដែលបានផលិតក្នុងស្រុក។

គួរជម្រាបដែរថា គម្រោងជម្រុញទីផ្សារកសិកម្មខ្នាតតូច មានរយៈពេល ៦ឆ្នាំ ដោយចាប់ផ្តើមពីពាក់កណ្តាលឆ្នាំ ២០១៧នេះតទៅ៕

មតិយោបល់