ព័ត៌មានសេដ្ឋកិច្ច

អ៊ីស្រាអែល គ្រោងចិញ្ចឹមគោយកទឹកដោះ នៅខេត្តតាកែវ

យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ប្រទេសអ៊ីស្រាអែល មានបំណងចង់មកវិនិយោគលើ គម្រោងចិញ្ចឹមគោយកទឹកដោះ នៅខេត្តតាកែវ នាពេលឆាប់ៗខាងមុខនេះ។

លោក ណៅ ធួក រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានពិភាក្សាជាមួយ លោក Meir Shlomo ឯកអគ្គរដ្ឋទូតវិសាមញ្ញនៃរដ្ឋអ៊ីស្រាអែលតែងតាំងថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា ដោយលោកឯកអគ្គរដ្ឋទូត បានលើកឡើងពីគម្រោងសហប្រតិបត្តិការសំខាន់ ២ គឺ៖
១.ការសាងសង់កសិដ្ឋាន បង្ហាញបច្ចេកទេសកសិកម្មទំនើប នៅ សកលវិទ្យាល័យភូមិន្ទកសិកម្ម

២.គម្រោងចិញ្ចឹមគោយកទឹកដោះនៅកម្ពុជា។

លោក Meir Shlomo បានស្នើក្រសួងជួយគាំទ្រ ដើម្បីបង្កើតការងារឲ្យពលរដ្ឋ កាត់បន្ថយចំណាកស្រុក និងធ្វើឲ្យតម្លៃទឹកដោះគោថោកផងដែរ។
ជាការឆ្លើយតប លោក ណៅ ធួក បានស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមនេះ ហើយនឹងជួយជម្រុញឲ្យអស់លទ្ធភាព ព្រោះលោកធ្លាប់បានទៅទស្សនកិច្ចនៅអ៊ីស្រាអែលរួចរាល់ផងដែរ នឹងបានស្វែងយល់ពី ការរីកចម្រើនវិស័យកសិកម្ម នៅអ៊ីស្រាអែល។

គួររម្លឹកថា Moo Moo Farm ដែលជាកសិដ្ឋានចិញ្ចឹមគោយកទឹកដោះដំបូងបង្អស់នៅកម្ពុជា បានបើកដំណើរការជាង១ឆ្នាំ ហើយគោដែលចិញ្ចឹមយកទឹកដោះនោះ ជាគោយកទឹកដោះប្រភេទកូនកាត់ ដែលនាំមកពីប៉ែកអឺរ៉ុបដូចជា អាមេរិក និងអូស្ត្រាលីជាដើម៕

មតិយោបល់