ភ្នំពេញៈ បើយោងតាមប្រភពពីសមត្ថកិច្ចខណ្ឌ៧មករាបានឲ្យដឹងថា លោកស្រី ស៊ឺ វណ្ណនី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញកាលពីពេលចុងសប្តាហ៍កន្លងទៅថ្មីៗ នេះបាន ដោះលែង បុរសជនសង្ស័យ ២នាក់ ដែលពាក់ព័ន្ធករណី ហិង្សាផ្តើមចេញពីគ្រោះថ្នាក់ចរាចរណ៍។
ប្រភពបញ្ជាក់ថា ជនសង្ស័យដែលត្រូវ លោកស្រី ស៊ឺ វណ្ណនី ដោះលែង មានទី១ឈ្មោះប៉ិច លៀង និងទី២ឈ្មោះ កែវ កុសល ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធករណី បើកបរក្រោមស្ថានភាពស្រវឹង ទៅបុករថយន្តអ្នកដទៃ និងបានវាយលើម្ចាស់រថយន្តឲ្យរងរបួស។
ពាក់ព័ន្ធករណីនេះ លោកស្រី ស៊ឺ វណ្ណនី បានថ្លែងបញ្ជាក់តាម Telegram ថា លោកស្រីពិតជាបាន ដោះលែងជនសង្ស័យទាំង ២នាក់នោះឲ្យត្រលប់ទៅផ្ទះវិញមែន ដោយសារតែ ជនរងគ្រោះបានដកពាក្យបណ្ដឹង ឈប់ប្តឹងជនសង្ស័យ។
លោកស្រីថា រឿងនេះមានព្យសនកម្មតិចតួច ទើបអនុញ្ញាតឲ្យជនសង្ស័យទៅផ្ទះ ទុកតែសំណុំរឿងនៅចាត់ការដដែល។
យោងតាមមាត្រា ២១៧នៃក្រមព្រហ្មទណ្ឌ បានចែងថា អំពើហិង្សាប្រព្រឹត្តដោយចេតនាលើអ្នកដទៃត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ពី ១ឆ្នាំ ទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី ២លាន ទៅ៦លានរៀល។
ចំណែកមាត្រា៧នៃ ក្រមនីតិវិធីព្រហ្មទណ្ឌបាន ចែងថា មូលហេតុនៃការរលត់បណ្ដឹងអាជ្ញារួមមាន៖
-មរណៈភាពនៃជនល្មើស
-ការផុតអាជ្ញាយុកាល
-ការលើកលែងទោសជាទូទៅ
-និរាករណ៍នៃច្បាប់ព្រហ្មទណ្ឌ
-និងអាជ្ញាអស់ជំនុំ។
កាលណាបណ្ដឹងអាជ្ញាត្រូវផុតរលត់ហើយ ការចោទប្រកាន់ខាងព្រហ្មទណ្ឌមិនអាចចាប់ផ្តើមបានទៀតទេ ឬត្រូវតែបញ្ចប់៕
https://youtu.be/SAwc3YsCpnY
មតិយោបល់