ព័ត៌មានសេដ្ឋកិច្ច

កម្ពុជា ចាប់ផ្តើមសិក្សាបន្សុទ្ធ ពូជស្រូវសែនក្រអូប ដើម្បីបង្កើនតម្លៃ និងជម្រុញការនាំចេញ

កាលពីម្សិលមិញនេះ លោក ស៊ឺ រ៉ានី អនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ដោយមានការពីសហការជាមួយ វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (CARDI) ខ្សែសង្វាក់តម្លៃផលិតកម្មកសិកម្មកម្ពុជា(CAVAC) និងក្រុមហ៊ុនផលិតស្រូវពូជ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយដល់ សហគមន៍កសិកម្មសំខាន់ៗ ក្នុងខេត្តមួយចំនួន ដែលមានសក្តានុពលដាំដុះស្រូវសែនក្រអូប ដើម្បីផ្សព្វផ្សាយពីការពិសោធន៍បន្សាំបឋមស្រឡាយស្រូវសែនក្រអូប ស្របតាមបច្ចេកទេស និងបទដ្ឋានរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ការចាប់ផ្តើមបន្សុទ្ធពូជស្រូវសែនក្រអូបនេះ គឺដើម្បីបង្កើនតម្លៃលក់ និងជម្រុញការនាំចេញឲ្យកាន់តែងាយស្រួល ដោយសារ ពូជស្រូវសែនក្រអូប ដែលកសិករកំពុងធ្វើ និងចរាចរលក់លើទីផ្សារ គឺមានច្រើនប្រភេទ តែមានឈ្មោះ សែនក្រអូប ដូចគ្នា ជាហេតុបណ្តាលឲ្យ អ្នកទិញ និងអ្នកវិនិយោគ មានភាពស្រពិចស្រពិល ការរើសអើង និងពុំមានទំនុកចិត្តក្នុងការប្រើប្រាស់។

លោកបណ្ឌិត អ៊ុក ម៉ាការា នាយកវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា បានលើកឡើងថា កម្មវិធីនេះ នឹងធ្វើការពិសោធន៍លើ ស្រឡាយស្រូវចំនួន ៣ ប្រភេទ ដែលអនវុត្តលើ ដីស្រែកសិករជាក់ស្តែង និងធ្វើរយៈពេល ២រដូវ។

លោកបន្តថា​ អ្វីដែលកម្មវិធីនេះចង់បាន គឺការសម្រាំងពូជស្រូវពិសេសមួយ ចេញពីពូជស្រូវសែនក្រអូប ដែលមានច្រើនប្រភេទ ហើយរំពឹងទទួលបាន ទិន្នផលខ្ពស់ និងគុណភាពល្អ ជាងប្រភេទដទៃ។

កម្មវិធីបន្សុទ្ធពូជស្រូវសែនក្រអូបនេះ ត្រូវបានធ្វើឡើងក្រោមកិច្ចសហការរវាងសហព័ន្ធស្រូវអង្ករកម្ពុជានិងវិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍន៍កសិកម្មកម្ពុជា និង មានការចូលរួមឧបត្ថម្ភថវិកាមួយផ្នែកពីសហព័ន្ធស្រូវអង្ករកម្ពុជា និងមួយផ្នែកទៀតពីគម្រោង CAVAC ដោយសហព័ន្ធស្រូវអង្ករកម្ពុជាតែងតែសហការយ៉ាងជិតស្និទ្ធជាមួយ វិទ្យាស្ថានស្រាវជ្រាវលើការងារបច្ចេកទេស និងអភិវឌ្ឍន៍កសិកម្មកម្ពុជា និងកម្មវិធីសង្វាក់តម្លៃកសិកម្មកម្ពុជា សម្រាប់ការអភិវឌ្ឍន៍ស្រូវពូជសែនក្រអូប បន្ទាប់ពីមើលឃើញនូវនិន្នាការកើនទាំងតម្រូវការទីផ្សារអង្ករក្រៅប្រទេស និងការពេញនិយមដាំដុះពីសំណាក់ប្រជាកសិករ៕

មតិយោបល់