ព័ត៌មានសេដ្ឋកិច្ច

អាជ្ញាធរអប្សរា ប្រកាសផ្អាកសកម្មភាពលក់ដូរមុខប្រាសាទអង្គរវត្ត ៣ថ្ងៃ ដើម្បីបួងសួង

អាជ្ញាធរអប្សរា សូមប្រកាសផ្អាកសកម្មភាពលក់ដូរ នៅមុខបរិវេណប្រាសាទអង្គរវត្ត រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី ១ ដល់ទី ៣ ខែធ្នូ ខាងមុខនេះ ដើម្បីរៀបចំពិធីសែនក្រុងពាលីនៅលើក្តារបែនប្រាសាទអង្គរវត្ត និងពិធីបួងសួងចម្រើនសេចក្តីសុខ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

លើសពីនេះ នៅថ្ងៃប្រារព្ធពិធី ចំថ្ងៃទី ២ និងទី ៣ គឺ យានជំនិះដឹកជញ្ជូនភ្ញៀវទេសចរគ្រប់ប្រភេទ សូមដាក់ភ្ញៀវដែលចូលទស្សនាប្រាសាទអង្គរវត្ត នៅច្រកខាងកើត។

សម្រាប់យានជំនិះគ្រប់ប្រភេទ ដែលមានបំណងទៅកាន់គោលដៅផ្សេងៗក្រៅពី ប្រាសាទអង្គរវត្ត សូមប្រើប្រាស់ផ្លូវ ៦០ម៉ែត្រ រួមបន្តដំណើរទៅគោលដៅរបស់ខ្លួន តាមផ្លូវវង់តូច ឬវង់ធំ។

គួរជម្រាបដែរថា រាជរដ្ឋាភិបាលកម្ពុជា គ្រោងនឹងរៀបចំពិធីបួងសួងចម្រើនសេចក្តីសុខជូន ព្រះរាជាណាចក្រកម្ពុជា នៅបរិវេណខាងមុខប្រាសាទអង្គរវត្ត ក្នុងបំណងសុំសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជា និងប្រជាពលរដ្ឋកម្ពុជា និងដើម្បីដឹងគុណដល់បុព្វបុរសខ្មែរ ដែលសង់ប្រាសាទអង្គរវត្ត និងប្រាសាទជាច្រើនទៀត ដែលបន្សល់មកដល់កូនចៅជំនាន់ក្រោយនេះ៕

មតិយោបល់