ព័ត៌មានបច្ចេកវិទ្យា

បន្ទាប់ពី iPhone X, Apple អាចនឹងចេញ iPhone F

បន្ទាប់ពីបានពាំនាំនូវបច្ចេកវិទ្យាច្នៃបង្កើតថ្មីដ៏ធំក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន តាម​រយៈ iPhone X រួចមក ក្រុមហ៊ុន Apple ប្រហែលជានឹងចេញ iPhone F (Foldable) ដែលបំពាក់អេក្រង់អាចបត់ចុះឡើងបានដូចជាសៀវភៅ នៅថ្ងៃអនាគតខាងមុខ។

ការរំពឹងទុកនេះ គឺធ្វើឡើងបន្ទាប់ពីក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិកបានដាក់សំណើរសុំធ្វើជាម្ចាស់កម្មសិទ្ធិបញ្ញាលើប៉ាតង់បច្ចេកវិទ្យាថ្មីមួយ ដែលរៀបរាប់លម្អិតអំពីឧបករណ៍អេឡិចត្រូនិកបំពាក់កញ្ចក់អេក្រង់អាចបត់ចុះឡើងបាន ទៅកាន់ការិ​យាល័យគ្រប់គ្រងប៉ាតង់ និងពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក កាលពីសប្តាហ៍មុន។

រចនាបទទូរសព្ទដៃ iPhone បំពាក់អេក្រង់បត់ ប្រសិនបើចេញពិតមែន វានឹង​ជួយ​ឱ្យអ្នកប្រើប្រាស់កាន់តែងាយស្រួលក្នុងការចាប់កាន់ និងទុកដាក់ក្នុងហោប៉ាវ ឬកាបូបដៃ។ ពោលគឺ ពួកគេអាចបត់ចេញ-បត់ចូលដូចជាសៀវភៅមួយអីចឹង នៅ​ពេលណាត្រូវការធ្វើការហៅចេញ ឬឆែកអីុម៉ែលម្តងៗ។

យោងតាមសំណើរប៉ាតង់ បច្ចេកវិទ្យាអេក្រង់បត់របស់ Apple ថ្មីនោះ គឺផ្សាភ្ជាប់ជាមួយឧបករណ៍អេឡិចត្រូនិចគ្រប់ប្រភេទ រាប់បញ្ជូលទាំងកុំព្យូទ័រយួរដៃ កុំព្យូទ័របន្ទះស្តើង ឬហៅថាថេប្លេត ទូរសព្ទចល័ត និងនាឡិកាដៃ ជាដើម។

គួរបញ្ជាក់ថា Apple មិនមែនជាក្រុមហ៊ុនដំបូងគេ ដែលមានគេរាយការណ៍ថា កំពុងចាប់អារម្មណ៍លើការអភិវឌ្ឍស្មាតហ្វូនអេក្រង់បត់នោះ។ តាមពិតទៅ គូប្រជែងដ៏មានសក្តានុពលបំផុតរបស់ខ្លួន ដែលគេស្គាល់ថាជាក្រុមហ៊ុន Samsung ត្រូវបានប្រភពក្រៅផ្លូវការជាច្រើនអះអាងថា ក៏កំពុងធ្វើការលើស្មានហ្វូនអេក្រង់​បត់ផងដែរ ហើយជាយូរឆ្នាំមកហើយ។

គួរកត់សម្គាល់ផងដែរថា ថ្វីត្បិត Apple បានស្នើរសុំប៉ាតង់បច្ចេកវិទ្យាអេក្រង់​បត់​មែនពិត ប៉ុន្តែ វាមិនប្រាកដថាក្រុមហ៊ុននឹងផលិតចេញទូរសព្ទដៃអេក្រង់បត់តាម​គំរូបច្ចេកវិទ្យាក្នុងប៉ាតង់នោះទេ។ ព្រោះតាមធម្មតា ក្រុមហ៊ុននានាតែងដាក់​ស្នើ និងទទួលបានប៉ាតង់ធ្វើជាម្ចាស់កម្មសិទ្ធិលើភាពគំរូនៃគំនិតគិតឃើញរបស់ខ្លួន ប៉ុន្តែ ភាគច្រើនមិនដែលក្លាយជាផលិតផលពិតប្រាកដម្តងណាឡើយ៕

ប្រភពព័ត៌មានៈ fortune

មតិយោបល់