នេះគឺជាដំណឹងដ៏ល្អមួយសម្រាប់អ្នកប្រើប្រាស់ផលិតផល iPhone ឬ iPad ដោយក្រុមហ៊ុន Apple ទើបបើកនូវបណ្តាញវីដេអូ YouTube ផ្លូវការថ្មីមួយ ដើម្បីណែនាំគន្លឹះ និងរបៀបប្រើប្រាស់ទូរសព្ទដៃ iPhone និង iPad ដល់អតិថិជនរបស់ខ្លួន។
បណ្តាញ YouTube ថ្មីនេះ គឺមានឈ្មោះថា Apple Support ដែលវាមានបង្ហាញតាំងពីរបៀបប្តូររូបភាព Wallpaper លើអេក្រង់ រហូតដល់របៀបលុប Call History (ប្រវត្តិនៃការហៅទូរសព្ទ)។ មួយវិញទៀត វីដេអូនីមួយៗ ត្រូវបានផលិតចេញជាមួយគុណភាពកម្រិតខ្ពស់ មានការចង្អុលបង្ហាញតាមជំហានៗ និងលំដាប់លំដោយ ព្រមជាមួយផ្ទាំងកម្មវិធីលើអេក្រង់ទូរសព្ទ iPhone ផងដែរ។
Apple Support នេះ គឺទើបចាប់បង្កើតនៅយប់ម្សិលមិញប៉ុណ្ណោះ ហើយរហូតមកទល់ពេលនេះ គឺមានវីដេអូប្រមាណជាង ១០ ហើយដែលត្រូវបានបង្ហោះចូល។ តែគេមិនប្រាកដទេថា ក្រុមហ៊ុននឹងដាក់បញ្ចូលវីដេអូថ្មីៗប៉ុន្មានក្នុងមួយថ្ងៃៗនោះទេ៕
ប្រភពព័ត៌មានៈ 5to9mac
មតិយោបល់