ក្រុមហ៊ុនមូលបត្រថ្មីមួយទៀត ដែលមានឈ្មោះថា ក្រុមហ៊ុន អាល់ហ្វាហ្គោល ភ្យូឈ័រ (ALPHA GOLD FUTURES) បានបើកដំណើរការជួញដូរឧបករណ៍និស្សន្ទជាផ្លូវការ នៅកម្ពុជា ចាប់ពីពេលនេះតទៅ។
លោកស្រី កែវ ម៉ាលី ប្រធានប្រឹក្សាភិបាលក្រុមហ៊ុនអាល់ហ្វាហ្គោល ភ្យូឈ័រ បានថ្លែងថា ក្រុមហ៊ុន អាល់ហ្វាហ្គោល ភ្យូឈ័រ ជាក្រុមហ៊ុនជួញដូរឧបករណ៍និស្សន្ទមួយ ដែលបានទទួលអាជ្ញាប័ណ្ណជាឈ្មួញជើងសារពី គណៈកម្មការមូលបត្រកម្ពុជា ហៅកាត់ថា (គ.ម.ក) កាលពីពេលថ្មីៗនេះ។
ក្រុមហ៊ុន នឹងផ្តល់នូវប្រព័ន្ធ និងព័ត៌មានអំពី ការជួញដូរឧបករណ៍និស្សន្ទដ៏ទូលំទូលាយពី ក្រុមអ្នកជំនាញ ប្រកបដោយចំណេះដឹងជ្រៅជ្រះ និងបទពិសោធន៍ជាច្រើនឆ្នាំក្នុងការ ជួញដូរឧបករណ៍ហិរញ្ញវត្ថុ ដើម្បីធានាបាននូវសេវាកម្មដ៏ល្អទៅដល់អតិថិជន ក្នុងប្រទេស និងអន្តរជាតិ និងនាំអ្នកទៅកាន់ ផ្លូវវិនិយោគមួយដែលទទួលបាននូវភាពជោគជ័យ។
លោក Michael Goh ស្ថាបនិកក្រុមហ៊ុនអាល់ហ្វាហ្គោល ភ្យូឈ័របានមាន ប្រសាសន៍ឲ្យថា ក្រុមហ៊ុន (ALPHA GOLD FUTURES) នៅកម្ពុជា ជាកុលសម្ព័ន្ធរបស់ក្រុមហ៊ុន (ALPHA GOLD FUTURES) នៅប្រទេសឥណ្ឌូនេស៊ី។
ក្រុមហ៊ុន (ALPHA GOLD FUTURES) មានដើមកំណើតនៅប្រទេសឥណ្ឌូនេស៊ី ធ្វើការចាប់ដៃគ្នាជាមួយក្រុមហ៊ុនអាល់ហ្វាហ្គោល ភ្យូឈ័រ នៅក្នុងប្រទេសកម្ពុជា ដោយធ្វើការទៅលើ ការងារដែលទាក់ទងទៅលើមូលបត្រ និងរូបិយប័ណ្ណ លោហៈធាតុ ដូចជាមាស ប្រាក់ និងប្រេងផ្សេងៗ។
លោក ស៊ូ សុជាតិ អគ្គនាយកមូលបត្រកម្ពុជា បានបញ្ជាក់ថា ការបើកសម្ពោធ ក្រុមហ៊ុន ALPHA GOLD FUTURES ជាផ្លូវការនៅកម្ពុជា ជាសក្ខីភាពបញ្ជាក់ពីការអភិវឌ្ឍទីផ្សារមូលបត្រនៅកម្ពុជា។
លោកបញ្ជាក់បន្តថា ឧបករណ៍និស្សន្ទ គឺជាឧបករណ៍ថ្មីក្នុងវិស័យមូលបត្រក្នុងព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានដាក់ឲ្យដំណើរការជាផ្លូវការ នៅក្នុងទីផ្សារកម្ពុជា ជាង ១ឆ្នាំ។
គួរជម្រាបថា មកដល់សព្វថ្ងៃនេះ មានក្រុមហ៊ុន សមភាគីកណ្តាល មានអាជ្ញាប័ណ្ណចំនួន ៤ហើយ ដែលកំពុងដំណើរការនៅលើ ទីផ្សារមូលបត្រកម្ពុជា៕
មតិយោបល់