ក្រុមហ៊ុនអនឡាញយក្ស Alibaba របស់មហាសេដ្ឋី Jack Ma បានបើកវគ្គបណ្តុះបណ្តាលទីផ្សារអនឡាញ «Dream Trip» ដែលមានរយៈពេល ៥ថ្ងៃ ក្នុងគោលបំណងជម្រុញ សហគ្រាសធុនតូច-មធ្យមនៅប្រទេស ឲ្យប្រតិបត្តិការតាមទីផ្សារអនឡាញ ដោយចំណាយទាប ដើម្បីនាំចេញផលិតផលរបស់ពួកគេ ទៅទូទាំងពិភពលោក។ នេះបើយោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយកាលពីពេលថ្មីៗនេះ។
ក្រុមហ៊ុនអនឡាញ Alibaba ដែលកំពុងតែបង្ហាញសក្តានុពលក្នុងប្រទេសថៃ បានចាប់ផ្តើមជម្រុញ សហគ្រាសធុនតូច-មធ្យមក្នុងប្រទេសថៃ ឲ្យហក់ចូលទីផ្សារអនឡាញសកលលោក ហើយក្រុមហ៊ុន Alibaba បានចុះអនុស្សរណៈយោគយល់ជាមួយ ក្រុមហ៊ុន Loxley Plc របស់ថៃ ដើម្បីបើកវគ្គបណ្តុះបណ្តាល Dream Trip សម្រាប់និស្សិត នឹងសហគ្រាសធុនតូច-មធ្យម។
វគ្គបណ្តុះបណ្តាលរយៈពេល ៥ថ្ងៃនេះ នឹងចាប់ផ្តើមក្នុងខែវិច្ឆិកា ដោយមានការចូលរួមពីសិស្សប្រមាណ ៣០-៥០នាក់ ដែលនឹងសិក្សានៅទីស្នាក់ការរបស់ក្រុមហ៊ុន Alibaba ក្នុងខេត្ត Hangzhou ប្រទេសចិន។ ចំនែកឯ តម្លៃសំបុត្រចូលរួមគឺប្រមាណ ១៥០០ដុល្លារអាមេរិក ឬ ៥២,០០០បាត សម្រាប់មនុស្សម្នាក់ដោយមិនរាប់បញ្ចូលថ្លៃធ្វើដំណើរ ហើយអ្នករៀនចប់វគ្គនេះ នឹងទទួលបានសញ្ញាបត្រពីក្រុមហ៊ុន Alibaba។
យ៉ាងណាមិញ មានសហគ្រាសធុនតូច-មធ្យម ក្នុងប្រទេសថៃ តិចជាង ១ពាន់ក្រុមហ៊ុន ដែលជាសមាជិករបស់ក្រុមហ៊ុន Alibaba ដោយចំណាយ ៥៦,០០០បាត ក្នុងមួយឆ្នាំ ហើយបច្ចុប្បន្នក្រុមហ៊ុន Alibaba កំពុងជម្រុញកំនើនចំនួនសហគ្រាសធុនតូច-មធ្យម ក្នុងប្រទេសថៃ ដើម្បីបង្កើតសេវាកម្មផ្នែកអនឡាញបន្ថែមទៀត៕


មតិយោបល់