ព័ត៌មានសិល្បៈ និងកម្សាន្ត ព័ត៌មានសេដ្ឋកិច្ច

៨ខែឆ្នាំ២០១៦កម្ពុជា មានភ្ញៀវទេសចរចេញទៅក្រៅប្រទេសជាង៩៣ម៉ឺននាក់

ភ្នំពេញៈ តាមរបាយការណ៍ក្រសួងទេសចរណ៍បានបង្ហាញឱ្យដឹងថា រយៈពេល៨ខែដើមឆ្នាំ២០១៦កន្លងទៅនេះមានភ្ញៀវទេសចរកម្ពុជា ចេញទៅក្រៅប្រទេសមានចំនួន៩៣៧.៥៨៨នាក់ កើនឡើងប្រមាណ២៣,៧%បើប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០១៥ និងភ្ញៀវទេសចរអន្តរជាតិចូលមកកម្ពុជាមានចំនួន៣.១៦២.៩០៧នាក់កើន៤,៣% ប្រៀបធៀបរយៈពេលដូចនិងឆ្នាំ២០១៥។

មន្ត្រីក្រសួងទេសចរណ៍បានបញ្ជាក់ថា “សម្រាប់ខែសីហាឆ្នាំ២០១៦កន្លងទៅនេះ ភ្ញៀវទេសចរណ៍ អន្តរជាតិមកទស្សនាកម្ពុជា មានចំនួន៤០៦.២១៤នាក់ កើនឡើងប្រមាណ១១% ប្រៀបធៀបខែសីហាឆ្នាំ២០១៥ ក្នុងនោះភ្ញៀវដែលចូលតាមផ្លូវអាកាសមានចំនួន២០៦.៤៧៦នាក់ ស្មើនឹង៥០,៨%នៃចំនួនសរុប។ ចំណែកភ្ញៀវចូលតាមច្រកផ្លូវគោកមានចំនួន១៨៧.៤៧២នាក់ ស្មើនឹង៤៦,២% នៃចំនួនសរុប ខណៈដែលភ្ញៀវចូលតាមច្រកផ្លូវទឹកមានចំនួន ១២.២៦៦នាក់ ស្មើនឹង៣% នៃចំនួនសរុប”

មន្ត្រីខាងលើបន្ថែមថា រយៈពេល៨ខែដើមឆ្នាំ២០១៦ (គិតត្រឹមខែសីហា) ភ្ញៀវទេសចរវៀតណាមនៅតែឈរលំដាប់ថ្នាក់ទី១ ដោយមានភ្ញៀវចូលមកកម្ពុជាចំនួន៦២៧.៧២៦នាក់ ស្មើនឹង១៩,៨% នៃចំនួនភ្ញៀវសរុប។ ចិនជាប់លំដាប់លេខ២ដោយមានភ្ញៀវចំនួន៥១៤.៤១៨នាក់ ស្មើនឹង១៦,៣% នៃចំនួនភ្ញៀវសរុប។ ចំណែកកូរ៉េ ស្ថិតក្នុងលំដាប់លេខរៀងទី៣ ដោយមានភ្ញៀវមកទស្សនាកម្ពុជាចំនួន២៤៣.៦៨០នាក់ស្មើនឹង៧,៧%នៃចំនួនភ្ញៀវសរុប។

ចំណែកភ្ញៀវទេសចរអន្តរជាតិទៅទស្សនាតំបន់អទិភាពសំខាន់ៗនៅកម្ពុជា ក្នុងរយៈពេល៨ខែដើមឆ្នាំ២០១៦នេះមានតំបន់សៀមរាបអង្គរ ទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន ១.៤៣៧.០៤៨នាក់ ស្មើនឹង៣៩,១% នៃចំនួនសរុប។ ភ្នំពេញទទួលបានភ្ញៀវទេសចរណ៍អន្តរជាតិចំនួន១.៧៧៥.៨៥៩នាក់ស្មើនឹង៤៧%នៃចំនួនសរុប។ តំបន់ឆ្នេរទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន៤៦៥.៧៨៧នាក់ ស្មើនឹង ១២,៧% នៃចំនួនភ្ញៀវសរុប។

ចំពោះតំបន់អេកូទេសចរណ៍ភូមិភាគឥសាន្ត ទទួលបានភ្ញៀវទេសចរអន្តរជាតិ៤៤.០៣២នាក់ ស្មើនឹង១,២%នៃចំនួនសរុបក្នុងពេលដែលតំបន់ប្រាសាទព្រះវិហារទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន៣៥.៨៥០នាក់កើនឡើង៣១,១%ប្រៀបធៀបរយះពេលដូចគ្នាឆ្នាំ២០១៥៕

photo_2016-11-03_14-17-36photo_2016-11-03_14-17-34

មតិយោបល់