រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងស្ថាបនា រមណីយដ្ឋានថ្មី នៅសួនច្បារទន្លេបាសាក់ ជាប់ផ្លូវថ្មើរជើងមាត់ទន្លេ។ នេះបើយោងតាមការឲ្យដឹងពី គេហទំព័ររបស់មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ចេញផ្សាយកាលពីម្សិលមិញនេះ។
រមណីយដ្ឋានថ្មីនេះ មានទំហំ ៥០០០ម៉ែត្រការ៉េ ស្ថិតនៅពីក្រោយសណ្ឋាគារអ៊ីមភឺរៀល ឬក្រោយអតីតឌ្រីមលែន ហើយមានរៀបចំដូចជា ជណ្តើរអង្គុយជាថ្នាក់ៗ និងចាប់ភ្លើងតាមកាំជណ្តើរ ទីធ្លាសម្រាប់ប្រគុំតន្រ្តី ភ្លើងបំភ្លឺសួនច្បារនិងទីធ្លា ក្យូសកាហ្វេ និងភេសជ្ជៈ ។ល។
បន្ទាប់ពីផ្លូវថ្មើរជើង ប្របមាត់ទន្លេ តភ្ជាប់ពីមុខព្រះបរមរាជវាំង រហូតដល់ស្ពានភ្លោះកោះពេជ្រ ត្រូវបានសាងសង់រួចរាល់កាលពីពេលថ្មីៗនេះ សាលារាជធានីភ្នំពេញ នឹងចាប់ផ្តើមសាងសង់គម្រោងសួនច្បារចាប់ពីផ្សារចាស់រហូតដល់ស្ពានជ្រោយចង្វារ ហើយគម្រោងបន្ទាប់ អាចនឹងធ្វើឡើងចាប់ពីស្ពានជ្រោយចង្វាររហូតដល់ស្ពានព្រះមុនីវង្ស។
ការសាងសង់សួនច្បារ និងផ្លូវថ្មើរជើងប្របមាត់ទន្លេនេះ គឺសម្រាប់ប្រជាពលរដ្ឋកម្ពុជា ភ្ញៀវជាតិ-អន្តរជាតិ អាចដើរកម្សាន្តតាមបណ្តោយមាត់ទន្លេ ស្រូបយកខ្យល់អាកាសបរិសុទ្ធ ជាពិសេសគឺ កាត់បន្ថយការកកស្ទះចរាចរណ៍ នៅពេលមានមនុស្សច្រើនចូលរួមពិធីបុណ្យធំៗ។
គួរបញ្ជាក់ដែរថា ដោយមើលឃើញពីសក្តានុពលនៃផ្សាររាត្រីភ្នំពេញ សាលារាជធានីភ្នំពេញ គ្រោងនឹងកែលម្អសោភ័ណភាពនៃផ្សាររាត្រីនេះ ឲ្យក្លាយទៅជាតំបន់ផ្សារទេសចរណ៍ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិផងដែរ៕
មតិយោបល់