អាជ្ញាធររាជធានីភ្នំពេញ គ្រោងចំណាយថវិកា ៥លានដុល្លារអាមេរិក សម្រាប់ស្ថាបនា ផ្លូវខ្សែក្រវ៉ាត់ក្រុងទី៤ ឬកំណាត់ផ្លូវបឹងធំ ស្ថិតនៅជាប់ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌដង្កោ ដែលមានប្រវែងជាង ១២គីឡូម៉ែត្រ។ នេះបើយោងតាមការចេញផ្សាយកាលពីម្សិលមិញ របស់គេហទំព័រហ្វេសប៊ុកផ្លូវការរបស់រដ្ឋបាលរាជធានីភ្នំពេញ។
ផ្លូវខ្សែក្រវ៉ាត់ក្រុងទី៤ ឬហៅថា ផ្លូវប្រទះឡាង គ្រោងចាក់បេតុងកម្រាស់ ២តឹក ទទឹង ៧ម៉ែត្រ ហើយអាជ្ញាធររាជធានីភ្នំពេញ និងអាជ្ញាធរខេត្តកណ្តាល បានឯកភាពគ្នាចាប់ផ្តើមបើកការដ្ឋានស្ថាបនាផ្លូវនេះ ដើម្បីបង្កភាពងាយស្រួលដល់ចរាចរណ៍របស់ប្រជាពលរដ្ឋ។
ផ្លូវ១ខ្សែនេះ គឺមានសារៈសំខាន់ក្នុងការរំដោះចរាចរតភ្ជាប់ពីផ្លូវជាតិលេខ៤ ត្រង់ចំណុចផ្សារបែកចាន មកផ្លូវជាតិលេខ៣ ត្រង់ចំណុចវត្តស្លែង ហើយតាមការគ្រោងទុក ផ្លូវនេះនឹងត្រូវពង្រីកទទឹងរហូតដល់ទៅ ១២ម៉ែត្រ។
គួរបញ្ជាក់ផងដែរថា កំណាត់ផ្លូវនេះ រំពឹងស្ថាបនារួចរាល់មុនពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិចូលមកដល់ ដោយសារដំណើរការដ្ឋានចំនួនពីរចាប់ផ្តើមព្រមគ្នាក្នុងពេលតែមួយ គឺពីចំណុចផ្សារបែកចាន និងពីចំណុចវត្តស្លែង ឆ្ពោះមកប្រសព្វគ្នាតែម្តង៕
មតិយោបល់