ព័ត៌មានសេដ្ឋកិច្ច

បុគ្គលិកលក្ខណៈរីករាយ ចំពោះការងារ វាជាមាគ៌ាឆ្ពោះទៅកាន់ភាពជោគជ័យ

បរទេស: ការខិតខំប្រឹងប្រែង ព្យាយាមយកចិត្តទុកដាក់ អាចនឹងសម្រេចបាន នូវគ្រប់លទ្ធផលទាំងអស់ ប៉ុន្តែដើម្បីទទួលបាន នូវផលសម្រេចដូចសេចក្តីប្រាថ្នានោះ មិនមែនសុទ្ធតែកើតឡើង ចេញពីការខិតខំប្រឹងប្រែងខុសគោលដៅឡើយ។ ម្ល៉ោះហើយ យើងមិនអាចជោគជ័យបានទេ ប្រសិនបើការខិតខំប្រឹងប្រែងរបស់យើង មិនមែនជាការខិតខំប្រឹងប្រែង ប្រកបដោយភាពរីករាយនោះ ព្រោះសកម្មភាពរបស់យើង គឺទាក់ទងនឹងអារម្មណ៍។

មានអារម្មណ៍ទើបមានសកម្មភាព ព្រោះសកម្មភាពកើតឡើងពីអារម្មណ៍ ទន្ទឹមនឹងមានសកម្មភាពទើបមានលទ្ធផល។ ចូរចងចាំថា៖ លទ្ធផលការងារយ៉ាងណា គឺអារម្មណ៍នៃសកម្មភាពបែបនោះដែរ។ បុគ្គលិកលក្ខណៈរីករាយ នាំឱ្យបុគ្គលិកមានអារម្មណ៍ស្រស់ស្រាយ ក្នុងការបំពេញការងារ ជាក់ស្តែង កាន់តែមានអារម្មណ៍ល្អ កាន់តែមានទឹកចិត្តធ្វើការងារល្អ និងកាន់តែទទួលបាន នូវលទ្ធផលការងារល្អ ទៀតផង។

” ខ្ញុំសង្កេតឃើញថា រាល់ពេលដែលខ្ញុំធ្វើការក្នុងក្រុមហ៊ុន ប្រសិនបើមានភាពរីករាយ នោះភាពច្នៃប្រឌិត និងការអភិវឌ្ឍ កាន់តែមានច្រើនឡើង។ ដូច្នេះកាលលណា កន្លែងធ្វើការមានភាពរីករាយ អ្វីៗនឹងកាន់តែប្រសើរ “។ នេះជាសម្តីមាស លោកស្រី បាបារ៉ា ខូខូរ៉េន (Barbara Corcoran) ស្ថាបនិក ក្រុមហ៊ុន The Corcoran Group បានលើកឡើង កាលពីពេលថ្មីៗនេះ ក្នុងន័យចែករំលែក នូវបទពិសាធន៍ដឹកនាំដ៏ជោគជ័យ កន្លងមកនោះ។

ចំណុចល្អ ក្នុងការសម្រេចភារកិច្ចទាំងឡាយ អាស្រ័យលើបុគ្គលិកលក្ខណៈ នៃភាពរីករាយ ព្រោះវាជាគ្រឿងដាស់តឿន ប្រព័ន្ធសសៃប្រសាទ ធ្វើឱ្យសារពាង្គកាយរបស់មនុស្សយើង ដំណើរការបានល្អ កម្ចាត់បង់ នូវភាពអស់កម្លាំង ភាពខ្ជិលច្រអូស ភាពទម្រន់ ការងោកងុយ បែរទៅជាមានកម្លាំងខ្លាំងក្លា ស្វហាប់ និងរហ័សរហួន។ បុគ្គលិកលក្ខណៈ នៃភាពរីករាយនេះ ផ្តល់នូវភាពស្រស់ថ្លា នៃអារម្មណ៍ ជះឥទ្ធិពលដល់សាច់ឈាម និងទឹកមុខ ហើយក៏ធ្វើឱ្យសំឡេងរបស់យើង កាន់តែមានទឹកដម មានមន្តស្នេហ៍ មានថាមពល មានជំនឿជឿជាក់ ដែលផ្តល់ដល់យើង ឱ្យកាន់តែមានប្រសិទ្ធភាព ក្នុងការលក់ខ្លួន លក់គំនិត លក់ចំណេះដឹង លក់បទពិសោធន៍ ទៅឱ្យអ្នកដទៃ ដើម្បីទទួលបានផលប្រយោជន៍ ផងដែរ៕

ea2486d1

មតិយោបល់