Grab ដែលជាក្រុមហ៊ុនផ្តល់មធ្យោបាយធ្វើដំណើរ និងសេវាទូទាត់ប្រាក់ ដែលឈានមុខគេនៅអាស៊ីអាគ្នេយ៍និង Samsung Electronics ដែលជាក្រុមហ៊ុនអេឡិចត្រូនិកធំបំផុតមួយនៅលើពិភពលោក បានប្រកាសនៅថ្ងៃនេះថា ពួកគេបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ក្នុងរយៈពេលច្រើនឆ្នាំ ដើម្បីជំរុញការដាក់បញ្ចូលនូវប្រព័ន្ធឌីជីថលក្នុងតំបន់អាស៊ីអាគ្នេយ៍។
ក្រុមហ៊ុន Grab និង Samsung នឹងធ្វើការរួមគ្នាលើគំនិតផ្តួចផ្តើមជាច្រើនដើម្បីនាំមកនូវអត្ថប្រយោជន៍នៃបច្ចេកវិទ្យាដូចជាផ្ដល់ជូននូវសេវាកម្មដែលល្អប្រសើរជាងមុន និងបង្កើនឱកាសស្វែងរកប្រាក់ចំណូលកាន់តែប្រសើរឡើងសម្រាប់អតិថិជន និងដៃគូបើកបររាប់លាននាក់របស់ Grab ទូទាំងតំបន់អាស៊ីអាគ្នេយ៍។
Grab គឺជាក្រុមហ៊ុនឈានមុខគេនៅក្នុងទីផ្សារនៃការធ្វើដំណើរប្រចាំតំបន់អាស៊ីអាគ្នេយ៍ ដែលជាវិស័យមួយ ក្នុងចំណោមវិស័យសេវាកម្មអ៊ីនធឺណែតដែលរីកលូតលាស់លឿនបំផុត ហើយត្រូវបានគេរំពឹងថា នឹងក្លាយជាវិស័យដែលមានប្រាក់ចំនូលដល់ទៅ ២៥ពាន់លានដុល្លារនៅត្រឹមឆ្នាំ ២០២២ នៅក្នុងតំបន់នេះ។
នៅក្នុងការចូលរួមជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្រ្តដ៏ទូលំទូលាយនេះ ក្រុមហ៊ុន Grab និង Samsung នឹងបង្កើតនូវដំណោះស្រាយដែលផ្ដល់នូវលក្ខណៈងាយស្រួលនៅក្នុងវិស័យឧស្សាហកម្មដឹកជញ្ជូន មានរួមបញ្ចូលទាំងគម្រោងហិរញ្ញប្បទានខ្នាតតូចសម្រាប់ដៃគូបើកបរ របស់ក្រុមហ៊ុន Grab ជាង ២.៣លាននាក់ ការបង្កើតនូវបទពិសោធន៍ល្អៗដល់អតិថិជនទាំងនៅក្នុងការហៅរថយន្តតាក់ស៊ី ព្រមទាំងក្នុងពេលដែលគាត់កំពុងជិះ និងផ្ដល់ជូននូវដំណោះស្រាយក្នុងការធ្វើដំណើរផ្សេងៗទៀត។
ក្រុមហ៊ុនទាំងពីរនេះនឹងធ្វើការរួមគ្នាដើម្បីពង្រីកចូលក្នុងទីផ្សារ នៃការទូទាត់ប្រាក់តាមទូរស័ព្ទចល័ត តាមរយៈការផ្តល់ជូននូវមធ្យោបាយទូទាត់តាមទូរស័ព្ទ ដែលនឹងបំពេញតម្រូវការអតិថិជននៅអាស៊ីអាគ្នេយ៍។
លោក Anthony Tan នាយកប្រតិបត្តិ និងជាសហស្ថាបនិកក្រុមហ៊ុន Grab បានថ្លែងថា «អាស៊ីអាគ្នេយ៍ គឺជាទីតាំងនៃទីផ្សារកំពុងរីកចម្រើនលឿនបំផុតនៅលើពិភពលោក ប៉ុន្តែទីប្រជុំជននិងទីក្រុងតូចៗមិនអាចចូលទៅកាន់កំណើនសេដ្ឋកិច្ចឌីជីថលបានឡើយ ហើយបច្ចេកវិទ្យាទូរស័ព្ទចល័តអាចជួយកាត់បន្ថយគម្លាតនៃហេដ្ឋារចនាសម្ព័ន្ធ និងធ្វើឱ្យមានកំណើនសេដ្ឋកិច្ចបន្ថែមទៀត។»
លោក Sangchul Lee ជាប្រធាន និងនាយកប្រតិបត្តិរបស់ក្រុមហ៊ុនអេឡិចត្រូនិក Samsung ប្រចាំនៅអាស៊ីអាគ្នេយ៍ និងអូសេអានីបានមានប្រសាសន៍ថា «អត្ថប្រយោជន៍ជាច្រើន ត្រូវបាននាំមកដោយការតភ្ជាប់តាមឌីជីថលកាន់តែច្រើន ហើយយើងមានការរំភើបក្នុងការធ្វើជាដៃគូជាមួយក្រុមហ៊ុន Grab ដើម្បីផ្តល់ជូនអតិថិជនក្នុងតំបន់នូវដំណោះស្រាយឌីជីថលជាច្រើនសម្រាប់តម្រូវការប្រចាំថ្ងៃរបស់ពួកគេ។»
ការសហការជាយុទ្ធសាស្រ្ត នឹងត្រូវបានអនុវត្តតាមដំណាក់កាលនៅគ្រប់ប្រទេសនៅអាស៊ីអាគ្នេយ៍ដែលកម្មវិធី Grab ដំណើរការ។
នៅដំណាក់កាលទី១ Grab និង Samsung នឹងផ្តល់ជូននូវ៖
ការផ្តល់ហិរញ្ញប្បទានខ្នាតតូចនៃឧបករណ៍ចល័ត (Mobile Devices)សម្រាប់អ្នកបើកបរ
ដៃគូដែលជាអ្នកបើកបររថយន្តរបស់ Grab មានចំនួនជាង ២.៣លាននាក់នៅទូទាំងតំបន់អាស៊ីអាគ្នេយ៍នឹងទទួលបានកម្មវិធីមីក្រូហិរញ្ញវត្ថុដែលផ្តោតលើការផ្តល់ឱ្យពួកគេនូវបច្ចេកវិទ្យាចល័តដ៏រឹងមាំ ដែលនឹងជួយកាត់បន្ថយការចំណាយលើការទិញស្មាតហ្វូន និងការចំណាយលើការថែទាំ ដោយការផ្ដល់ឱ្យនូវកម្មវិធីល្អៗ និងប្រព័ន្ធរក្សាសុវត្ថិភាពផ្សេងៗ។ នេះគឺជាផ្នែកមួយនៃកម្មវិធី Better 365 របស់ Grab ដែលផ្តល់អត្ថប្រយោជន៍ជាច្រើន និងជួយកាត់បន្ថយការចំណាយសម្រាប់អ្នកបើកបរ។
បង្កើនបទពិសោធន៍អតិថិជននៅ GrabKiosks និង GrabBooths
ដើម្បីធ្វើឱ្យសេវាកម្មរបស់ Grab កាន់តែមានភាពងាយស្រួលសម្រាប់អ្នកធ្វើដំណើរ និងអតិថិជននៅអាស៊ីអាគ្នេយ៍ Grab នឹងធ្វើការណែនាំ GrabKiosks និង GrabBooths សម្រាប់អតិថិជនដែលមានភាពមមាញឹកខ្លាំងដូចជា នៅតាមផ្សារទំនើប សណ្ឋាគារ និងព្រលានយន្តហោះជាដើម។ លក្ខណៈពិសេសនៃឧបករណ៍របស់ក្រុមហ៊ុន Samsung ជាមួយនឹង កម្មវិធីដែលបានតំឡើងមុនរបស់ក្រុមហ៊ុន Grab អនុញ្ញាតឱ្យអ្នកប្រើប្រាស់ម្នាក់ៗ និងបុគ្គលិកក្រុមហ៊ុននានា អាចធ្វើការកក់រថយន្ត Grab សម្រាប់ជិះខ្លួនគេ ឬកក់ឱ្យអ្នកដទៃបាន សូម្បីតែនៅពេលដែលពួកគេមិនមានការតភ្ជាប់ទិន្នន័យ (Internet) ក៏ដោយ។
សេវាកម្មពត៌មានកម្សាន្ត (Infotainment) នៅក្នុងរថយន្តមួយចំនួន
Grab និង អ្នកបើកបររថយន្តដែលជាដៃគូរបស់ Grab បានឯកភាពគ្នានៅក្នុងការសាកល្បងប្រើប្រាស់សេវាកម្មចំរៀងនិងវីដេអូ (Multimedia) នៅក្នុងរថយន្ដនៅប្រទេសសិង្ហបុរី ដោយដំឡើងកម្មវិធីតាក់ស៊ី Samsung tablet នៅក្នុងរថយន្ត សម្រាប់អតិថិជនដែលគាត់មានបំណងចង់ស្វែងរកព័ត៌មានកម្សាន្តផ្សេងៗឱ្យគាត់អាចប្រើប្រាស់បាន។ កម្មវិធីនេះនឹងត្រូវបានសាកល្បងដាក់ឱ្យដំណើរការទូទាំងអាស៊ីអាគ្នេយ៍នៅឆ្នាំនេះ។
Grab ជាបណ្តាញគមនាគមន៍ដ៏ធំបំផុតនៅអាស៊ីអាគ្នេយ៍ និងជាកម្មវិធីចល័តមួយដែលត្រូវបានប្រើញឹកញាប់បំផុតនៅក្នុងតំបន់ ដែលមានចំនួននៃការជិះរថយន្តតាក់ស៊ីប្រចាំថ្ងៃរហូតដល់ ៣.៥លាន។ កម្មវិធី Grab ត្រូវបានគេទាញយកមកដាក់លើឧបករណ៍ចល័តជាង ៧៧លានគ្រឿងដែលផ្តល់ឱ្យអ្នកដំណើរនូវមធ្យោបាយដឹកជញ្ជូនតាមផ្លូវគោកធំបំផុតក្នុងតំបន់ដែលមានអ្នកបើកបរជាង ២.៣ លាននាក់។ Grab ផ្តល់ជូននូវឡានឯកជន ម៉ូតូតាក់ស៊ី និងសេវារថយន្តនៅទូទាំងប្រទេសចំនួន ៨ ប្រទេស និងទីក្រុងចំនួន ១៦៨ នៅអាស៊ីអាគ្នេយ៍៕
មតិយោបល់