ក្រុមហ៊ុនជីធីវីស៊ី ស្ពីតបូត បានដាក់ឲ្យដំណើរការអូប័រល្បឿនលឿន ដឹកភ្ញៀវទេសចរ ទៅកាន់ដីកោះ ក្នុងខេត្តព្រះសីហនុ ដោយភ្ញៀវជាតិ និងអន្តរជាតិ ចំណាយត្រឹមតែ ១០ដុល្លារអាមេរិក ក្នុងមួយនាក់ នឹងរយៈពេលប្រមាណ ២០-២៥នាទី ដើម្បីធ្វើដំណើរទៅកាន់កោះរ៉ុង(កោះតូច) ឬកោះរ៉ុងសន្លឹម។
លោក ម៉េង ហុង បុគ្គលិកផ្នែកលក់នៃក្រុមហ៊ុនជីធីវីស៊ី ស្ពីតបូត បានឲ្យ Post Business ដឹងថា ក្រុមហ៊ុនចាប់ផ្តើមដំណើរការ ចាប់ពីថ្ងៃទី ០៤ ខែតុលា នេះតទៅ ដោយតម្លៃសំបុត្រសម្រាប់ជិះទៅកាន់ដីកោះគឺ ១០ដុល្លារអាមេរិកក្នុងមួយនាក់ និងត្រលប់មកវិញម្នាក់ ១០ដុល្លារអាមេរិកដូចគ្នា។
ជាធម្មតា ទូកល្បឿនលឿន ចំណាយពេលប្រមាណជិត ១ម៉ោង ដើម្បីធ្វើដំណើរទៅកាន់កោះរ៉ុង ខណៈអូប័រល្បឿនលឿននេះ ចំណាយពេលត្រឹមតែ ២០ ទៅ ២៥នាទីប៉ុណ្ណោះ ហើយមានការត្រួតពិនិត្យសុវត្ថិភាពយ៉ាងត្រឹមត្រូវ និងបែងចែកជាលក្ខណៈគ្រួសារ និងលក្ខណៈភ្ញៀវចម្រុះផងដែរ។
សមត្ថភាពផ្ទុកអ្នកដំណើររបស់អូប័រល្បឿនលឿននេះគឺ អាចផ្ទុកប្រមាណជា ៥០នាក់ ដែលមានបំពាក់ឧបករណ៍ការពារសុវត្ថិភាព មានការត្រួតពិនិត្យត្រឹមត្រូវ និងមានការព្យាករណ៍ពីអាកាសធាតុ មុននឹងចេញដំណើរ។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទៅកាន់ ការិយាល័យក្រុងព្រះសីហនុ តាមរយៈទូរស័ព្ទលេខ៖ 017 338821៕






មតិយោបល់