ព័ត៌មានកីឡា

El Clasico អាចជាការកាត់សេចក្តីពីអនាគត់របស់ Bale

ការប្រកួត El Clasico នៅយប់ថ្ងៃសៅរ៍នេះ រវាងក្រុម Real Madrid និង Barcelona កាន់តែខិតចូលមកដល់ ខណ:ក្រុមទាំង២ កំពុងតែមមាញឹកយ៉ាងខ្លាំង ក្នុងការហ្វឹកហាត់ត្រៀម ការប្រកួតដ៍សំខាន់នេះ។

យ៉ាងណាវិញ បើតាមរបាយការណ៍ របស់ BBC Sports បានឲ្យដឹងថា ការប្រកួត​ El Clasico នេះ អាចជាការកំណត់ជោគវាសនា​ នៃអនាគត់របស់ខ្សែប្រយុទ្ធ Gareth Bale នៅ Real Madrid ។ តាមរយ:ការអះអាង​ខាងលើនេះ មានន័យថា ប្រហែលជាក្រុម Real Madrid អាចនឹងលក់ Gareth Bale នៅខែមករាខាងមុខនេះទេដឹង ប្រសិនបើការបង្ហាញខ្លួន ក្នុងជំនួប El Clasico នៅ Santiago Bernabeu កីឡា​ករវែលរូបនេះ ធ្វើមិនបានល្អនោះ។ យ៉ាងណាវិញ ប្រភពពត៌មាន ជាច្រើនកន្លងមក បានឲ្យដឹងយ៉ាងច្បាស់ថា ថ្វីដ្បិតតែ Real Madrid នឹងលក់ Bale មែន តែមិនមែនលក់នៅខែមករាខាងមុខនេះឡើយ ដោយរង់ចាំ​រហូតដល់រដូវក្តៅក្រោយ ពោលចប់ព្រឹត្តិការណ៍ World Cup នៅរុស្ស៊ីចប់សិន។ ក៍ប៉ុន្តែ ប្រភពខាងលើនេះ បានបញ្ជាក់ផ្ទុយមកវិញថា ការប្រកួត El Clasico នៅថ្ងៃសៅរ៍នេះ អាចជាការប្រកួតមួយ ដែល សម្រេចពី​អនាគត់របស់ Gareth Bale បន្តនៅ Real Madrid ឬយ៉ាងណានោះ។ គួរបញ្ជាក់ផងដែរថា នៅរដូវកាលនេះ Gareth Bale បានបង្ហាញខ្លួនឲ្យក្រុម​ Real Madrid បាន ១២ប្រកួតកន្លងមកហើយ ដោយស៊ុតបញ្ចូលទីបាន ៤គ្រាប់ផងដែរ។

ដូច្នេះហើយ ការប្រកួត El Clasico ចុងសប្តាហ៍នេះ នឹងក្លាយជាការប្រកួតមួយដ៍សំខាន់ សម្រាប់ក្រុម Real Madrid និង Barcelona ខណ:ខ្សែប្រយុទ្ធ Gareth Bale ត្រូវធ្វើឲ្យបានល្អ ដើម្បី​ធ្វើឲ្យក្រុម​ Real Madrid បន្តរក្សាកីឡាកររូបនេះ ឲ្យនៅ Bernabeu បន្តទៀត។

មតិយោបល់