ព័ត៌មានសេដ្ឋកិច្ច

សាលាក្រុងភ្នំពេញ នឹងបន្ថែមស្ពានអាកាស និងផ្លូវក្រោមដី ៤ខ្សែ នៅតំបន់ក្បាលថ្នល់

រដ្ឋបាលរាជធានីភ្នំពេញ នឹងបើកការដ្ឋានស្ថាបនាបន្ថែម ស្ពានអាកាស និងផ្លូវក្រោមដីចំនួន ៤ខ្សែទៀត នៅតំបន់ក្បាលថ្នល់។ នេះបើយោងតាម លោក មាន ចាន់យ៉ាដា អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានប្រាប់ទីភ្នាក់ងារសារព័ត៌មានជាតិឲ្យដឹង កាលពីម្សិលមិញនេះ។

លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ ក៏បានលើកឡើងដែរថា គម្រោងសាងសង់ស្ពានអាកាស និងផ្លូវក្រោមដីក្បាលថ្នល់ ត្រូវតែចាប់ផ្តើមក្នុងពេលឆាប់ៗនេះ ទោះបីជាមានបញ្ហាមួយចំនួនក៏ដោយ។

លោកបន្តថា ចំណែកការសាងសង់ផ្លូវក្រោមដី នៅចំណុចស្តុបកាណាឌីយ៉ា (ស្តុប BKC)វិញ ក្រុមការងារបច្ចេកទេស និងសិក្សាឲ្យបានលម្អិតបន្ថែមពីផលប៉ះពាល់នៃគម្រោង។

ចំពោះគម្រោងស្ពានអាកាស និងផ្លូវក្រោមដី ទាំង ៤ខ្សែនោះ គឺ៖

១. ស្ពានហោះស្របពីលើមហាវិថីព្រះនរោត្តមបត់ឆ្វេង ឡើងភ្ជាប់ទៅស្ពានមុនីវង្សថ្មី

២. ស្ពានតភ្ជាប់ពីស្ពានមុនីវង្សចាស់បត់កោងស្តាំឡើងទៅចាក់អង្រែ

៣. ស្ពានហោះស្របពីលើមហាវិថីព្រះមុនីវង្ស បត់ទៅមហាវិថីព្រះនរោត្តម រួចបត់ស្តាំឡើងស្ពានវិញ

៤. ផ្លូវក្រោមដី ១ខ្សែ មុជក្រោមដីពីចាក់អង្រែ ឆ្ពោះទៅមហាវិថីព្រះមុនីវង្ស។

គួរជម្រាបផងដែរថា ចំពោះស្ពានអាកាស មានបណ្តោយចាប់ពី ២២០ ដល់ ២៤០ម៉ែត្រ និងទទឹងចាប់ពី ៥ ដល់ ៧ម៉ែត្រ ហើយផ្លូវមុជក្រោមដី មានបណ្តោយ ៣០៦ម៉ែត្រ៕

skybridge-cambodia

មតិយោបល់