ព័ត៌មានសេដ្ឋកិច្ច

កម្មវិធីព័ត៌មានក្រសួងពាណិជ្ជកម្ម សម្រាប់ទូរស័ព្ទដៃ ដាក់ឲ្យដំណើរការជាផ្លូវការ

កាលពីម្សិលមិញនេះ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានប្រកាសដាក់ឲ្យប្រើប្រាស់ កម្មវិធីព័ត៌មានក្រសួងពាណិជ្ជកម្មសម្រាប់ទូរស័ព្ទចល័ត ដែលជាគំនិតផ្តួចផ្តើមនិងជា ផ្នែកមួយនៃយុទ្ធសាស្ត្រទំនាក់ទំនងសារធារណៈ ដើម្បីជំរុញលំហូរព័ត៌មានរបស់ក្រសួង​ ទៅដល់ដៃសាធារណជនគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។

កម្មវិធីនេះ នឹងរួមចំណែកលើកកម្ពស់ប្រសិទ្ធភាពនៃការផ្សព្វផ្សាយ និងការចែកចាយព័ត៌មានកាន់តែទូលំទូលាយ ស្តីពីសកម្មភាពការងារប្រចាំថ្ងៃរបស់ថ្នាក់ដឹកនាំ និងមន្ត្រីនៅក្នុង ក្រសួងពាណិជ្ជកម្ម ព្រមទាំងសមិទ្ធផលសំខាន់ៗដែលក្រសួងសម្រេចបាននាពេលកន្លងមក ជូនដល់សាធារណជនគ្រប់មជ្ឈដ្ឋាន​ ជ្រាបកាន់តែច្បាស់​អំពីតួនាទី ភារកិច្ច និងការទទួលខុសត្រូវរបស់ក្រសួងពាណិជ្ជកម្មដូចជា ការចរចារនៅក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ទ្វេភាគី និងពហុភាគី,​ ការកសាងសមត្ថភាពស្ថាប័ន,​ ការរៀបចំសេចក្តីព្រាងលិខិតបទដ្ឋានគតិយុត្តិនៅក្រោមវិស័យពាណិជ្ជកម្ម,​ ការបំពេញកាតព្វកិច្ចរបស់កម្ពុជាក្នុងនាមជាប្រធានសម្របសម្រួលក្រុមប្រទេសអភិវឌ្ឍន៍តិចតួច ក្រោមក្របខ័ណ្ឌអង្គការ​ WTO,​ ការរៀបចំព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មដើម្បីជំរុញផលិតផលខ្មែរ និងការធ្វើពិពិធកម្មទីផ្សារថ្មីៗ ដើម្បីធ្វើសមារហកម្មទំនិញកម្ពុជា ចូលទៅក្នុងទីផ្សារក្នុងតំបន់ និងពិភពលោកជាដើម។ល។

ព័ត៌មានស្តីអំពីសមិទ្ធផលការងារទាំងអស់នេះ មិនត្រឹមតែជាកញ្ចក់ឆ្លុះបញ្ចាំងអំពីកិច្ច ប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម និងរាជរដ្ឋាភិបាលប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាចំណេះដឹងយ៉ាងល្អ សម្រាប់និស្សិត បញ្ញាវន្ត អ្នកសារព័ត៌មាន សេដ្ឋវិទូ និងអ្នកសិក្សាស្រាវជ្រាវទូទៅផងដែរ ដើម្បីយកធ្វើជាឯកសារយោង សម្រាប់ជំនួយក្នុងការបំពេញការងាររបស់ខ្លួន ប្រកបដោយប្រសិទ្ធភាព។

បន្ថែមលើសនេះ សាធារណជនអាចដកស្រង់ ព័ត៌មាន និងលិខិតបទដ្ឋានគតិយុទ្ធនានា ដែលតម្ដល់ក្នុង គេហទំព័រ ព្រមទាំងធ្វើ Comment ឬ Like ជាមួយនឹង គណនី Facebook របស់ក្រសួងពាណិជ្ជកម្ម ថែមទៀត។

កម្មវិធីព័ត៌មានសម្រាប់ទូរស័ព្ទចល័ត​ ដែលកំពុងដាក់ឲ្យប្រើប្រាស់នៅពេលនេះ គឺអាចដំណើរការនៅលើប្រព័ន្ធប្រតិបត្តិការ Android ជាមុនសិន ដោយលោកអ្នកអាចស្វែងរកបាននៅក្នុង Play Store ដោយប្រើពាក្យ «Ministry of Commerce Cambodia» ហើយនៅក្នុងពេលឆាប់ៗខាងមុខនេះ មន្ត្រីបច្ចេកទេសរបស់ក្រសួងពាណិជ្ជកម្ម នឹងធ្វើការអភិវឌ្ឍន៍កម្មវិធីនេះបន្តទៀត ដើម្បីដំណើរការលើប្រព័ន្ធប្រតិបត្តិការ IOS ថែមទៀត៕

មតិយោបល់