ភ្នំពេញៈ ក្នុងពេលបច្ចុប្បន្ន ប្រទេសចិន បានក្លាយជាប្រទេសដៃគូអភិវឌ្ឍន៍យ៉ាងសំខាន់ដែលបានផ្ដល់ហិរញ្ញប្បទានសហប្រតិបត្តិការច្រើនជាងគេបង្អស់ដល់កម្ពុជា ហើយហិរញ្ញប្បទានទាំងនេះ គឺបានឆ្លើយតបយ៉ាងខ្លាំងដល់តម្រូវការជាក់ស្ដែងរបស់រដ្ឋាភិបាលកម្ពុជា។ នេះជាការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន។
ថ្លែងក្នុងជំនួបជាមួយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៃសាធារណរដ្ឋប្រជាមានិតចិន លោក Gao Hucheng នារសៀលថ្ងៃទី២ ខែសីហា ឆ្នាំ២០១៦ នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន បានគូសបញ្ជាក់ថា បច្ចុប្បន្នប្រទេសចិន គឺជាដៃគូអភិវឌ្ឍន៍ដែលបានផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការច្រើនជាងគេដល់កម្ពុជា។ ហិរញ្ញប្បទានពីប្រទេសចិន បានឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលទាំងហិរញ្ញប្បទានឥតសំណង និងឥណទានសម្បទានរបស់ចិន បានរួមចំណែកយ៉ាងធំធេងដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនៅកម្ពុជា មានជាអាទិ៍ ផ្លូវ ស្ពាន កំពង់ផែ ប្រព័ន្ធធារាសាស្ត្រ អគ្គិសនី និងទូរគមនាគមន៍ជាដើម។
លើសពីនេះ រដ្ឋមន្ត្រីសេដ្ឋកិច្ច លោក អូន ព័ន្ធមុនីរ័ត្ន បន្តថា ហិរញ្ញប្បទានពីប្រទេសចិន បានរួមវិភាគទានផងដែរដល់ការអភិវឌ្ឍវិស័យសង្គមកិច្ចនៅកម្ពុជា មានដូចជា សាកលវិទ្យាល័យ ពហុកីឡាដ្ឋានជាតិ មន្ទីរពេទ្យ រថយន្តគិលានសង្គ្រោះ ម៉ាស៊ីនអេកូ និងការអភិវឌ្ឍធនធានមនុស្សជាដើម។ ដោយឡែក វិនិយោគឯកជនពីប្រទេសចិន និងភ្ញៀវទេសចរចិន ក៏បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច ក៏ដូចជាការគាំទ្រដល់ធ្វើពិពិធកម្មសេដ្ឋកិច្ចនៅកម្ពុជាផងដែរ។
ក្នុងឱកាសនោះ លោក Gao Hucheng បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ដែលសម្រេចបាននូវស្ថិរភាព ម៉ាក្រូសេដ្ឋកិច្ច កំណើនសេដ្ឋកិច្ចខ្ពស់ប្រកបដោយចីរភាព និងការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យ។ លោកថា រដ្ឋាភិបាលចិនផ្តល់ការគាំទ្រយ៉ាងពេញទំហឹងចំពោះគម្រោងអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលកម្ពុជា។ ជាមួយគ្នានេះដែរ ការផ្សាភ្ជាប់រវាងគំនិតផ្តួចផ្តើមស្តីពី «ខ្សែក្រវ៉ាត់មួយ ផ្លូវមួយ» របស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ជាមួយនឹង «យុទ្ធសាស្ត្រចតុកោណ» របស់រាជរដ្ឋាភិបាលកម្ពុជា នឹងរួមចំណែកលើកកម្ពស់កម្រិតនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា-ចិន ឲ្យកាន់តែប្រសើរឡើងថែមទៀត។
លោកទេសរដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ក៏បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះក្រសួងពាណិជ្ជកម្មចិន និងប្រជាជនចិន ដែលបាន និងបន្តផ្តល់ហិរញ្ញប្បទានដ៏ថ្លៃថ្លាយ៉ាងច្រើនសន្ធឹកសន្ធាប់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា ស្របតាមតម្រូវការជាក់ស្តែង និងចាំបាច់របស់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា៕
មតិយោបល់