បន្ទាប់ពីបានទទួលជោគជ័យ លើការពង្រឹងប្រព័ន្ធអប់រំកម្រិតអន្តរជាតិនៅក្នុងប្រទេសចិន និងតៃវ៉ាន់ ពេលនេះ សាលាកម្រិតស្ដង់ដាធំមួយនៅតំបន់អាស៊ីដែលមានឈ្មោះ Dadi-Prestige បានមកដល់ប្រទេសកម្ពុជាហើយ ដោយក្រៅពីនាំយ កប្រព័ន្ធអប់រំក្នុងកម្រិតជាអន្តរជាតិមួយ មកបណ្ដុះបណ្ដាលដល់កុមារកម្ពុជា ក៏បានបញ្ជូនគ្រូជាជនជាតិចិន និងអង់គ្លេសជាច្រើននាក់អោយចុះមកបង្រៀនដោយផ្ទាល់ផងដែរ។
នៅក្នុងពិធីសម្ពោធបើកសាលា Dadi-Prestige នៅក្នុងប្រទេសកម្ពុជានៅជិតផ្សារបឹងកេងកង ខាងក្រោយរបងទូរទស្សន៍អប្សរា លោក Kevin Lim នាយកសាលាបានថ្លែងថា Dadi-Prestige International Academy គឺស្ថាប័នដែលបានបង្កើតសាលាបណ្ដុះបណ្ដាលជាលក្ខណៈអន្តរជាតិនៅក្នុងប្រទេសចិន តៃវ៉ាន់ និងបណ្ដាប្រទេសមួយចំនួនយ៉ាងជោគជ័យរួចមកហើយ កាលពីរយៈពេលប្រមាណជាង ៣០ឆ្នាំ។
នៅក្នុងពិធីនោះក៏មានការចុះហត្ថលេខារវាងក្រុមហ៊ុន Prestige Education Co.,LTD និង DADI International Education ដ៏ល្បីរបស់ចិន ដើម្បីសហការគ្នាផ្ដល់ការបណ្ដុះបណ្ដាលអោយត្រូងទម្រង់ស្ដង់ដាមួយនៅកម្ពុជាតាមរយៈវត្តមានសាលា Dadi- Prestige ផងដែរ។
លោក Xenos តំណាងជាន់ខ្ពស់របស់ DADI Education របស់ប្រទេសចិន បានថ្លែងថាហេតុផលដែលលោកសម្រេចចិត្តបោះទុនបង្កើតសាលានេះនៅក្នុងប្រទេសកម្ពុជា គឺដោយសារតែ លោកមើលឃើញពីសក្កានុពល និងការរីកចំរើនរបស់កម្ពុជា ស្របគ្នានឹងឃើញពីកិច្ចសហការកាន់តែល្អជាមួយប្រទេសចិនផង ទើបសាលា Dadi-Prestige ត្រូវបានបង្កើតឡើងនៅកម្ពុជា។
លោក Kevin Lim ថា កម្មវិធីសំខាន់របស់ Dadi-Prestige ផ្ដោតជាពិសេសលើការបណ្ដុះកូនខ្មែរអោយចេះស្ទាត់នូវភាសាចិន និងអង់គ្លេសតាំងពីតូចតែម្ដង ដោយក្នុងជំហានដំណើរការសាលានៅក្នុងប្រទេសកម្ពុជាសម្រាប់ឆ្នាំទី១នេះ គឺសាលានឹងទទួលកូនខ្មែរចាប់ពីអាយុ ១៨ខែ ដល់ ៥ឆ្នាំ ក្នុងកម្រិតមតេយ្យ ដើម្បីអោយពួកគេបានទទួលចំណេះដឹងមួយអោយមានភាសាអន្តរជាតិទាំង ២ជាគ្រឹះតែម្ដង។
លោកថា កូនខ្មែរដែលទទួលបានការបណ្ដុះបណ្ដាលនៅក្នុងសាលាមួយនេះ ត្រឹមតែមានចំណេះដឹងផ្នែកភាសា និងយល់ពីវិទ្យាសាស្រ្តតាំងពីក្មេងប៉ុណ្ណោះទេ ប៉ុន្តែក៏ជំរុញអោយពួកគេ មានគ្រឹះផ្នែកកីឡា និងតន្ត្រីផងដែរ។
សាលា Dadi-Prestige ដែលបានបើកសម្ពោធនៅកម្ពុជា ត្រូវបានរៀបចំតាមកម្រិតស្ដង់ដារតាំងពីបន្ទប់សិក្សា របៀបសិក្សា ការដេគ័រ និងការសាងសង់អាគារម្ល៉េះ ដើម្បីអោយសិស្សឆាប់ចេះ ហើយមិនមានការប៉ះពាល់ដល់សុខភាព និងសុវត្ថិភាពក្មេងនៅពេលពួកគេមកសិក្សា។
ក្នុងនោះ សាលា នឹងផ្ដល់អាហារូបករណ៍ ៥០ភាគរយដោយស្វ័យប្រវត្តិ សម្រាប់កូនខ្មែរទាំងអស់ដែលចុះមកសិក្សាក្នុងឆ្នាំសិក្សាដំបូងនេះ ដោយការផ្ដល់ជូនចំនួន ៥០ភាគរយនេះ ក៏នឹងបន្តរហូតដោយមិនកំណត់ចំនួន។
មកទល់ពេលនេះ ក្រុមហ៊ុនមានសាលារហូតដល់ ៥០០សាខានៅទូទាំងពិភពលោក ដោយបានក្លាយជាគ្រឹះស្ថានផ្ដល់ការអប់រំមួយយ៉ាងមានការពេញនិយមពីសំណាក់អាណាព្យាបាលសិស្ស៕
មតិយោបល់