អាជ្ញាធរក្រុងសៀមរាបបានប្រកាសថា អាជ្ញាធរនឹងធ្វើការផាកពិន័យទៅលើ ប្រជាពលរដ្ឋណា ដែលយកសំរាមទៅបោះចោលតាមទីសាធារណៈ ធ្វើឱ្យប៉ះពាល់ដល់សោភណភាពក្រុង ហើយចំពោះក្រុមហ៊ុនដឹកជញ្ជូនសំរាមណា ដែលមិនបានដឹកជញ្ជូនសំរាមចេញ ឱ្យបានទាន់ពេលក៏ត្រូវធ្វើការផាកពិន័យដែរ។ នេះបើយោងតាម ទីភ្នាក់ងារសារព័ត៌មានជាតិ។
លោក សូ ប្លាតុង អភិបាលក្រុងសៀមរាបបានឱ្យដឹងថា ចាប់ពីពេលនេះតទៅ អាជ្ញាធរក្រុងសៀមរាបសហការ ជាមួយមន្ទីរបរិស្ថាន បានដាក់ពង្រាយធុងសំរាមខ្នាតតូច និងធំជាច្រើន នៅតាមដងផ្លូវនិងទីប្រជុំជនសម្រាប់ ឱ្យបងប្អូនដាក់កាកសំណលសំរាមចូល ចៀសវាងមានសំរាមរាយប៉ាយធ្វើឱ្យប៉ះពាល់ដល់សោភណភាពក្រុង។
លោកបានបន្ដថា រហូតមកដល់ពេលនេះឃើញថា មានប្រជាពលរដ្ឋមួយចំនួនធំ បានយល់ដឹងបានចូលរួមអនុវត្តន៍បានល្អ ប៉ុន្តែក៏នៅមានប្រជាពលរដ្ឋមួយចំនួនតូចនៅតែមិនចូលរួម ហើយបានយកសំរាមទៅបោះចោលក្រៅធុងសំរាមនៅតាមទីសាធារណៈ បើទោះបីមន្រ្តីជំនាញបានធ្វើការអប់រំណែនំាហើយក៏ដោយ។
ដើម្បីឱ្យប្រជាពលរដ្ឋមួយចំនួនតូចនេះមានការចូលរួម និងរាងចាល លេងហានបោះចោលសំរាមពាសវាលពាសកាលអាជ្ញាធរក្រុងសៀមរាប និងដាក់មន្រ្តីជំនាញចំាចាប់អ្នកយកសំរាមមកបោះ ចោលតាមទីសាធារណៈ ដើម្បីធ្វើការផាកពិន័យតាមច្បាប់។
ការផាកពិន័យនេះមិនធ្វើតែសម្រាប់ប្រជាពលរដ្ឋ ប៉ុណ្ណោះទេ សូម្បីតែម្ចាស់ផ្សារ សហគ្រាស ទំាងរដ្ឋ និងឯកជន ព្រមទាំងក្រុមហ៊ុនដឹកជញ្ជូនសំរាមក៏ត្រូវផាក ពិន័យដែរ ដែលវិធានការនេះនឹងធ្វើឡើងចាប់ពីខែកុម្ភៈ ឆ្នំា ២០១៨ខាងមុខនេះ។
សូមបញ្ជាក់ថា ការព្រមានធ្វើការផាកពិន័យទៅលើប្រជាពលរដ្ឋណាដែលយក សំរាមទៅបោះចោលតាម ទីសាធារណៈនេះ គឺធ្វើឡើងបន្ទាប់មានប្រជាពលរដ្ឋមួយចំនួនតូច នៅតែយកសំរាមទៅបោះចោលនៅតាមដងផ្លូវសាធារណៈ ធ្វើមានក្លិនស្អុយប៉ះពាល់ ទៅដល់ប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវយ៉ាងខ្លំាង៕
មតិយោបល់