រាជរដ្ឋាភិបាលកម្ពុជា បានស្នើឱ្យភាគីកូរ៉េផ្តល់កូតាថ្មី លើការងារផ្នែកសេវាកម្ម ដល់ពលករខ្មែរ ដើម្បីជួយលើកស្ទួយដល់សេដ្ឋកិច្ចគ្រួសារក៏ដូចជា សេដ្ឋកិច្ចជាតិឱ្យកាន់តែប្រសើរឡើងថែមទៀត។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានជាតិ។
ក្នុងជំនួបពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតនៃសាធារណកូរ៉េថ្មីប្រចាំកម្ពុជា ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្រ្តី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា ការស្នើសុំកូតាថ្មីជំនាញ ផ្នែកសេវាកម្មពីភាគីកូរ៉េនេះ គឺដើម្បីបង្កើនចំនួនកូតារបស់ពលករខ្មែរធ្វើការនៅកូរ៉េ ឱ្យបានច្រើនថែមទៀតខណៈនៅឆ្នាំ ២០១៨នេះ កូរ៉េបានផ្តល់កូតាដល់កម្ពុជាតែជាង ៤០០០នាក់ប៉ុណ្ណោះ។
ឯកឧត្តម អូ ណាក់យ៉ុង ឯកអគ្គរដ្ឋទូតនៃសាធារណកូរ៉េថ្មីប្រចាំកម្ពុជា បានឱ្យដឹងថា ការលើកឡើងនេះ នឹងយកសំណើរទៅពិចារណាសិនព្រោះថា រហូតមកដល់ពេលនេះទីផ្សារជំនាញផ្នែកសេវាកម្ម នេះនៅមិនទាន់បើកនៅឡើយទេ។
ឯកឧត្តមឯក អគ្គរដ្ឋទូតបានបន្តថា កន្លងមកភាគីកូរ៉េបានផ្តល់កូតាដល់ពលករខ្មែរជាង ៤០០០នាក់ ដោយសារតែកូរ៉េ ត្រូវបែងចែកកូតាពលករទៅឱ្យបណ្តាប្រទេសចំនួន១៤ផ្សេងទៀតដែរ។
ដោយឡែក សម្រាប់ឆ្នាំ ២០១៨នេះ កូរ៉េត្រូវបែងចែកឱ្យប្រទេសឡាវដែលជាប្រទេសទី១៦ បញ្ជូនពលករទៅ ធ្វើការនៅកូរ៉េទើប តម្រូវឱ្យកាត់កូតាពលករពីបណ្តាប្រទេសចាស់ៗមួយចំនួន។
ឯកឧត្តមបានលើកឡើងថា ភាគីទាំងពីរក៏បានពិភាក្សាទៅលើនីតិវិធី និងបទដ្ឋានមួយចំនួនដើម្បីបញ្ចូន ពលករទៅធ្វើការនៅកូរ៉េឱ្យបានលឿនជាងមុន ដោយសារកន្លងមកបើទោះបីជាត្រូវបានថៅកែ កូរ៉េជ្រើសរើសរួចហើយក៏ដោយក៏ត្រូវការពេលវេលាយូរ ហើយមានពលករខ្លះរហូតដល់ ១ឆ្នាំទើប បានចេញទៅធ្វើការនៅកូរ៉េបាន។
ឯកឧត្តមបានសន្យាថា នឹងបន្តសហប្រតិ្តបត្តិការជាមួយក្រសួងការងារកម្ពុជាបន្តទៀតទៅលើប្រព័ន្ធ អនាម័យសុវត្ថិភាពការងារ និងផ្តល់ឧបករណ៍បច្ចេកទេស សម្រាប់ការពិនិត្យស្ថានភាពសុវត្ថិភាពការងារ នៅតាមសហគ្រាសបន្ថែមទៀត ដើម្បីចូលរួមលើកកម្ពស់សុខភាពកម្មករនិយោជិតឱ្យកាន់តែល្អប្រសើរ ពិសេសចៀសវាង ការដួលសន្លប់។
សូមបញ្ជាក់ថា បច្ចុប្បន្ននេះ មានពលករខ្មែរប្រមាណ ៥៤០០០នាក់ កំពុងធ្វើការនៅក្នុង សាធារណរដ្ឋកូរ៉េដោយផ្តោតទៅលើវិស័យឧស្សាហកម្ម កសិកម្ម និងសំណង់៕
មតិយោបល់