ព័ត៌មានសេដ្ឋកិច្ច

ចិន ជម្រុញកម្ពុជា ផលិតពូជស្រូវហាយប្រ៊ីត ប្រភេទជប៉ុននីកា សម្រាប់នាំចេញ

កាលពីម្សិលមិញនេះ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈ យោគយល់គ្នារវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមជ្ឈមណ្ឌលស្រូវហាយប្រ៊ីតហ៊ូណាន និងក្រុមហ៊ុនបច្ចេកវិទ្យាកសិកម្មជាងស៊ូឡុងអាន ស្តីពីការស្រាវជ្រាវផលិតពូជស្រូវហាយប្រ៊ីតប្រភេទជប៉ុននីកា។

អនុស្សារណៈយោគយល់គ្នានេះ មានគោលបំណងជំរុញផលិតកម្មពូជស្រូវប្រភេទជប៉ុននីកា ផ្យព្វផ្សាយដល់ប្រជាកសិករយកទៅដាំដុះ រួចធ្វើការកែច្នៃដើម្បីនាំចេញទៅកាន់ទីផ្សារចិន និងទីផ្សារអន្តរជាតិ។

ពិធីចុះហត្ថលេខានាថ្ងៃនេះ គឺស្របពេលដែលក្រសួងកសិកម្ម បាននិងកំពុងជំរុញ ឲ្យប្រជាកសិករធ្វើការផ្លាស់ប្តូរដំណាំពី ដំណាំដែលផ្តល់ទិន្នផលតិច និងគ្មានទីផ្សារ ទៅធ្វើដំណាំដែលផ្តល់ទិន្នផលខ្ពស់ប្រកបដោយគុណភាព និងមានទីផ្សារល្អ សំដៅដល់ការជំរុញផលិតភាពផលិតកម្ម បង្កើនសន្តិសុខស្បៀង និងបង្កើនសមត្ថភាពចិញ្ចឹមលើផ្ទៃដីដ៏ដែល។

ឯកឧត្តមប្រតិភូចិនបានសន្យាថា នឹងព្យាយាមអនុវត្តរាល់ខ្លឹមសារនៃអនុស្សារណៈយោគយល់គ្នានេះឲ្យបានល្អប្រសើរ ដើម្បីជាប្រយោជន៍របស់ប្រទេសទាំងពីរ ជាពិសេសដើម្បីការអភិវឌ្ឍន៍វិស័យកសិកម្ម (ដំណាំស្រូវ) នៅកម្ពុជានាពេលអនាគត។

ជាការឆ្លើយតបតាមការអញ្ជើញ លោក វេង សាខុន នឹងរកឱកាសសមស្របណាមួយទៅធ្វើទស្សនកិច្ចជាផ្លូវការ នៅមជ្ឈមណ្ឌលស្រូវហាយប្រ៊ីតហ៊ូណាន នាពេលឆាប់ៗនេះ៕

មតិយោបល់