ព័ត៌មានសេដ្ឋកិច្ច

ចិន នឹងជួយបង្កើតវិទ្យាស្ថានជាតិទេសចរណ៍មួយ នៅកម្ពុជា

កាលពីពេលថ្មីៗនេះ ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានដឹកនាំប្រតិភូក្រសួងទេសចរណ៍ បំពេញទស្សនកិច្ចនៅ ខេត្តយូណាននៃសាធារណរដ្ឋប្រជាមានិតចិន រយៈពេល ៥ថ្ងៃ និងបានទទួលជួបពិភាក្សាជាមួយ គណៈកម្មការអភិវឌ្ឍទេសចរណ៍ខេត្តយូណាន និងប្រធានវិទ្យាស្ថានទេសចរណ៍ និងវិជ្ជាជីវៈខេត្តយូណាន រួមជាមួយនឹងក្រុមហ៊ុនវិនិយោគមួយចំនួន។

ជាលទ្ធផល ខេត្តយូណានបានសម្ដែងការគាំទ្រយ៉ាងពេញទំហឹង និងជំរុញឲ្យបានសកម្មចំពោះគម្រោងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ដែលភាគីទាំងពីរបានពិភាក្សាគ្នា រួមមាន៖

១៖ វិទ្យាស្ថានទេសចរណ៍ និងវិជ្ជាជីវៈខេត្តយូណាន សហការជាមួយនឹងដៃគូដែលមានក្រុមហ៊ុន Yunnan Expo Tourism Group Holdings,. Ltd និងក្រុមហ៊ុន Union Group ដើម្បីធ្វើការសិក្សា និងជួយបង្កើតវិទ្យាស្ថានជាតិទេសចរណ៍មួយនៅកម្ពុជា។

ចំពោះមុខនេះ ជាជំហានដំបូងវិទ្យាស្ថានទេសចរណ៍ និងវិជ្ជាជីវៈខេត្តយូណាន នឹងទទួលយកមគ្គទ្ទេសក៍ទេសចរណ៍កម្រិតខ្ពស់កម្ពុជា និយាយភាសាចិន ចំនួន ២០នាក់ ទៅសិក្សាបំពេញវិជ្ជាជំនាញបន្ថែមជាមគ្គុទ្ទេសក៍ទេសចរណ៍ និយាយភាសាចិននៅ ខេត្តយូណាន ចាប់ពីខែ កុម្ភៈខាងមុខនេះ។

២៖ ទាក់ទងទៅនឹងការងារបង្កើត និងអភិវឌ្ឍផលិតផលទេសចរណ៍ក្រុមហ៊ុន Yunnan Expo Tourism Group Holdings,. Ltd នឹងខិតខំជំរុញការវិនិយោគនៅកម្ពុជា នៅតំបន់សៀមរាបអង្គរ ពិសេសលើផលិតផលនៅជំរុញតំបន់ទីក្រុង និងទន្លេសាប ព្រមទាំងតំបន់ជុំវិញទីក្រុងភ្នំពេញ និងតំបន់ឆ្នេរសមុទ្រផងដែរ។

៣៖ ភាគីទាំងពីរ ចិន-កម្ពុជា ក៏បានឯកភាពគ្នាជំរុញការផ្សព្វផ្សាយទេសចរណ៍ រវាងខេត្តយូណាន ខេត្តសៀមរាប ភ្នំពេញ និងតំបន់មាត់សមុទ្រ ពិសេសជំរុញការតភ្ជាប់ពីទីក្រុងទេសចរណ៍តាលី មកកាន់ទីក្រុងទេសចរណ៍សៀមរាប ភ្នំពេញ និងតំបន់មាត់សមុទ្រ ពីព្រោះថាទីក្រុងតាលី ជាទីក្រុងទេសចរណ៍មួយដ៏ល្អស្អាត ដែលមានធាតុអាកាសត្រជាក់ពេញមួយឆ្នាំ កម្រិតពី១៥ ទៅ ១៨អង្សាសេ ព្រមទាំងមានរមណីយដ្ឋានដ៏ស្អាត និងល្បីៗជាច្រើននៅទីនោះ។

គិតមកដល់ពេលនេះ ជាមួយនឹងការនាំមកនូវទេសចរអន្តរជាតិ ៥.៦លាននាក់ នៅឆ្នាំ២០១៧នេះ វិស័យទេសចរណ៍កម្ពុជាបានផ្តល់ការងារដោយផ្ទាល់ បានជាង៦២ម៉ឺននាក់ និងការងារដោយប្រយោលរាប់សិបម៉ឺននាក់ទៀត ហើយវិស័យទេសចរណ៍កម្ពុជា បានរួមចំណែកប្រមាណ ១៣% នៃ GDP និងប្រមាណ ៣០% នៃសេវាសរុបទូទាំងប្រទេស៕

មតិយោបល់