ក្រុមហ៊ុន Pestech Cambodia គ្រោងនឹងចំណាយទឹកប្រាក់ប្រមាណ ១០០លានដុល្លារអាមេរិក ដើម្បីសាងសង់ខ្សែបណ្តាញបញ្ជូនអគ្គិសនីថ្មី ដែលមានអានុភាពបញ្ជូនថាមពល ២៣០គីឡូវ៉ុល តភ្ជាប់ពីស្ថានីយ៍ស្ទឹងតាតៃ ខេត្តកោះកុង មកស្ថានីយ៍ចែកចាយនៅភ្នំពេញ។ នេះបើយោងតាមសារព័ត៌មាន The Star ចេញផ្សាយកាលពីពេលថ្មីៗនេះ។
ក្រុមហ៊ុនបានឲ្យដឹងទៀតថា គម្រោងនេះ នឹងចាប់ផ្តើមក្នុងរយៈពេល ៣ខែ បន្ទាប់ពីការចុះកិច្ចព្រមព្រៀង ហើយគ្រោងនឹងបញ្ចប់ទាំងស្រុង ក្នុងរយៈពេល ៣៦ខែ។
បច្ចុប្បន្ន ខ្សែបញ្ជូនថាមពលអគ្គិសនីពី ខេត្តកោះកុង មកកាន់ភ្នំពេញ គឺមានតែ ១ខ្សែគត់ ហើយនៅពេលដែលខ្សែទី ២នេះ ដំណើរការ ការផ្គត់ផ្គង់អគ្គិសនីនឹងកាន់តែមានស្ថិរភាព មានគុណភាពអាចទុកចិត្តបាន។
គួរបញ្ជាក់ដែរថា ក្រុមហ៊ុន Pestech Cambodia ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ក្រុមហ៊ុន Pestech International មកពីប្រទេសម៉ាឡេស៊ី ដែលនឹងសហការជាមួយក្រុមហ៊ុនក្នុងស្រុក Alex Corp ដើម្បីសាងសង់ខ្សែបញ្ជូនថាមពលនេះ៕
មតិយោបល់