កាលពីពេលថ្មីៗនេះ គណៈកម្មការមូលបត្រកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការព្រមានឲ្យប្រុងប្រយ័ត្នខ្ពស់ចំពោះ ហានិភ័យនៃការជួញដូររូបិយប័ណ្ណឌីជីថល។
គណៈកម្មការមូលបត្រកម្ពុជា បានបញ្ជាក់ថា វាជាប្រភេទឧបករណ៍ហិរញ្ញវត្ថុថ្មី មិនទាន់មានការសិក្សាច្បាស់លាស់ ដែលការជួញដូរ ឬការជាប់ពាក់ព័ន្ធ អាចមានហានិភ័យខ្ពស់ និងបង្កឲ្យមានការខាតបង់ប្រាក់ ឬទ្រព្យសម្បត្តិផ្ទាល់ខ្លួនច្រើនជាយថាហេតុ។
គណៈកម្មការមូលបត្រកម្ពុជា គូសបញ្ជាក់ដែរថា រហូតមកដល់ពេលនេះ គណៈកម្មការមូលបត្រកម្ពុជា មិនទាន់បានផ្តល់អាជ្ញាបណ្ណ ឬការអនុញ្ញាតដល់ ក្រុមហ៊ុនណាមួយឲ្យធ្វើប្រតិបត្តិការបោះផ្សាយ ឬប្រតិបត្តិការជួញដូរ ពាក់ព័ន្ធនឹងរូបិយប័ណ្ណឌីជីថលនោះទេ។
លោកស្រី ជា សិរី អគ្គនាយកបច្ចេកទេសនៃធនាគារជាតិនៃកម្ពុជា ក៏ធ្លាប់បានឲ្យដឹងថា ធនាគារជាតិនៃកម្ពុជា មិនបានទទួលស្គាល់ លុយឌីជីថល ឬកាក់ឌីជីថល ដែលបង្កើតកំពុងល្បីល្បាញនៅលើបណ្តាញសង្គមនោះទេ។
បន្ថែមពីលើនេះ លោកស្រី ក៏បានអំពាវនាវដល់ បងប្អូនប្រជាពលរដ្ឋកម្ពុជា ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះករណីឆបោក ដែលចេញពីការចាយលុយឌីជីថល ឬហៅថា Cryptocurrency។
ថ្មីៗនេះ ក៏មានបណ្តាញអ្នកដើរផ្សព្វផ្សាយដើម្បីជម្រុញឲ្យអ្នកលក់ដូរ ប្រើប្រាស់លុយឌីជីថលនេះ ក្នុងការទូទាត់ជំនួសឲ្យសាច់ប្រាក់ធម្មតា ហើយអះអាងថា អាចយកកាក់នោះទៅដូរ យកសាច់ប្រាក់នៅធនាគារមួយចំនួនបាន តែនេះពុំមែនជាការពិតនោះទេ។
ធនាគារជាតិ ពុំទាន់បានទទួលស្គាល់ ប្រភេទលុយឌីជីថល ឬកាក់ឌីជីថលនេះទេ ហើយក៏បានណែនាំដល់ ធនាគារពាណិជ្ជទាំងអស់ មិនឲ្យធនាគារធ្វើប្រតិបត្តិណាមួយ ទាក់ទងជាមួយ Cryptocurrency នេះដែរ ព្រោះវាមានហានិភ័យខ្ពស់ ដែលពុំទាន់បានសិក្សាច្បាស់នៅឡើយ។
ជាចុងក្រោយ ធនាគារជាតិ នឹងចាត់វិធានការក្នុងពេលឆាប់ៗនេះ ដើម្បីទប់ស្កាត់ និងការពារហានិភ័យ ដែលអាចកើតមានដោយសារ លុយឌីជីថលនេះ៕
មតិយោបល់