ផ្សារទំនើបអ៊ីអន បានប្រកាសដល់អតិថិជនទាំងអស់ ឲ្យបានដឹងថា ផ្សារទំនើបអ៊ីអន នឹងចាប់ផ្តើមអនុវត្តន៍ «ការផ្តល់ថង់ប្លាស្ទិកដល់អតិថិជនត្រូវគិតកម្រៃបន្ថែម» ត្រូវកំណត់ និង ប្រកាសដោយអន្តរក្រសួងបរិស្ថាន ក្រសួងសេដ្ឋកិច្ច និងក្រសួងហិរញ្ញវត្ថុ ដោយថង់ប្លាស្ទិក១ មានតម្លៃ ១០ សេន។
ការអនុវត្តន៍នេះចាប់ផ្តើមពីថ្ងៃទី ០១ ខែ មេសា ឆ្នាំ២០១៨ តទៅ។
ក្រសួងបរិស្ថាន បានរៀបចំពិធីផ្សព្វផ្សាយខ្លឹមសារសំខាន់ៗនៃអនុក្រឹត្យ ១៦៨ ស្តីពីគ្រប់គ្រងថង់ផ្លាស្ទិក ផ្សព្វផ្សាយឯកសារសេចក្តីព្រាងសារាចរអន្តរក្រសួង ស្តីពី ការអនុវត្តអនុក្រឹត្យស្តីពីការគ្រប់គ្រងថង់ប្លាស្ទិក និងប្រកាសអន្តរក្រសួងពីការកំណត់កម្រៃបន្ថែម លើការផ្តល់ប្លាស្ទិកដល់អតិថិជន។
នាឱកាសនោះ ឯកឧត្តម រដ្ឋមន្រ្តី សាយ សំអាល់ បានស្នើសុំដល់ដៃគូគ្រប់ស្ថាប័ន ជាពិសេសក្រុមហ៊ុនឯកជន ពីការប្រើប្រាស់ និងនាំចូលសារធាតុប្លាស្ទិក ពីព្រោះប្លាស្ទិកជាបញ្ហាមួយលំបាក និងជារឿងធំសម្រាប់ពិភពលោកដែលត្រូវយកចិត្តទុកដាក់លើបញ្ហានេះ។
ឯកឧត្តមបានសំណូមពរដល់ គ្រប់អ្នកពាក់ព័ន្ធចូលរួមគិតគូរ ធ្វើយ៉ាងណាកាត់បន្ថយថង់ប្លាស្ទិក និងសំរាមនៅក្នុងទីក្រុង និងចូលរួមបញ្ចេញ នូវមតិយោបល់ ក្នុងការប្រមូលធាតុចូល ដើម្បីឱ្យការអនុវត្តអនុក្រឹត្យ១៦៨សម្រេចនេះមាននិរន្តរភាព។
ឯកឧត្តម ហេង ណារ៉េត អគ្គនាយក នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន បានអោយដឹងថា ភាគរយនៃថង់ប្លាស្ទិក ក្នុងបរិមាណសំរាមដែលប្រមូលបានតាមរយៈការបោសសំអាតផ្លូវក្នុងទីក្រុងធំៗ មានប្រមាណ ១៧,៣ភាគរយ ក្នុងទីក្រុងភ្នំពេញ, ២០,៧ភាគរយ ក្នុងខេត្តសៀមរាប និង ៣៤ភាគរយ នៅក្នុងខេត្តព្រះសីហនុ ដោយក្នុងទីក្រុងភ្នំពេញ ត្រូវប៉ាន់ប្រមាណថាមានថង់ប្លាស្ទិកប្រមាណជា១០លានថង់ជារៀងរាល់ថ្ងៃ។
គូសបញ្ជាក់ដែរថា ការផ្តល់ថង់ប្លាស្ទិកស្តើងមានដៃយួរដល់អតិថិជននៅតាមបណ្តាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងផ្សារទំនើបនឹងត្រូវគិតកម្រៃបន្ថែម ចាប់ពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨ ខាងមុខនេះ។
ជារៀងរាល់ថ្ងៃ ថង់ប្លាស្ទិកប្រមាណ ១០លានថង់ ត្រូវបានប្រើប្រាស់ក្នុងរាជធានីភ្នំពេញ ដែលបង្កជាផលប៉ះពាល់ធ្ងន់ធ្ងរដល់ សោភ័ណភាពទីក្រុង និងអនាម័យផងដែរ។ នេះបើយោងតាមការលើកឡើងរបស់មន្រ្តីជាន់ខ្ពស់នៃក្រសួងបរិស្ថាន។
ថង់ប្លាស្ទិក ជារបស់ដែលអាចបង្កគ្រោះថ្នាក់ដល់សុខភាព និងអាចប៉ះពាល់ដល់បរិស្ថានធ្ងន់ធ្ងរដូចជា ការកប់ក្នុងដី ក្លាយជាសំរាមបំពុលដី ឬបោះចូលក្នុងទឹកស្ទឹង បឹង ទន្លេ សមុទ្រ ហើយបំពុលទឹកជាដើម។
ការប្រើប្រាស់ថង់ប្លាសិ្ទក មិនត្រឹមតែប៉ះពាល់ដល់បរិស្ថាននោះទេ ថែមទាំងប៉ះពាល់ដល់សេដ្ឋកិច្ចជាតិទៀតផង ដោយត្រូវចំណាយលុយជាច្រើន លើការសំអាតកាកសំណល់ប្លាសិ្ទកថែមទៀតផង។
រដ្ឋាភិបាលកម្ពុជា បាននិងកំពុងសិក្សាពីប្រភេទថង់ប្លាស្ទិក ដែលត្រូវហាមឃាត់មិនឲ្យនាំចូល និងចេញវិធានការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកឲ្យបាន ៥០ភាគរយ នៅឆ្នាំ ២០១៩ខាងមុខនេះ។
គួរបញ្ជាក់ដែរថា មូលហេតុដែលសំណង់ថង់ប្លាស្ទិក មានការកើនឡើងគួរឲ្យកត់សម្គាល់នោះគឺ ទីផ្សារនៅកម្ពុជា ជាប្រភពចែកចាយថង់ប្លាស្ទិចច្រើនជាងគេ ភាគច្រើនប្រើប្រាស់ថង់ប្លាស្ទិចស្តើង ដែលប្រើប្រាស់បានតែមួយដង រួចត្រូវបានបោះចោលក្លាយជាសំរាម៕
មតិយោបល់