ព័ត៌មានសេដ្ឋកិច្ច

កម្ពុជា សម្រេចជ្រើសរើសឈ្មោះ «ម្លិះអង្គរ» ជាយីហោអង្ករកម្ពុជា

កម្ពុជា បានសម្រេចសម្ពោធម៉ាកវិញ្ញាតកម្មអង្ករ «ម្លិះអង្គរ» «MALYS ANGKOR» ដែលសហព័ន្ធស្រូវអង្ករចាត់ទុក ជាការបោះជំហានឆ្ពោះទៅមុខប្រកបដោយសុទិដ្ឋនិយមក្នុងការរួមចំណែក លើកស្ទួយវិស័យអង្ករកម្ពុជា ជាមួយរាជរដ្ឋាភិបាល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ក្រសួងពាណិជ្ជកម្ម និង ស្ថាប័នពាក់ព័ន្ធ ព្រមទាំងដៃគូអភិវឌ្ឍន៍ជាច្រើនទៀត តាមរយៈការសម្ពោធម៉ាកវិញ្ញាតកម្មជាផ្លូវការ។

ការសម្រេចបាន នូវម៉ាកវិញ្ញាតកម្មអង្ករ នាពេលនេះ គឺមានរយៈពេល ៨ឆ្នាំ បន្ទាប់ពីរាជរដ្ឋាភិបាលបានសម្រេចដាក់ចេញនូវគោលនយោបាយជំរុញផលិតកម្មស្រូវ និង ការនាំចេញអង្ករក្នុងឆ្នាំ ២០១០ និង ការជួយជ្រុមជ្រែងយ៉ាងខ្លាំងពីសំណាក់ដៃគូអភិវឌ្ឍន៍ជាច្រើន ក្នុងការរៀបចំម៉ាកវិញ្ញាតកម្ម ដែលអាចផ្តល់នូវទំនុកចិត្តដល់អ្នកប្រើប្រាស់អង្ករកម្ពុជា។

ការសិក្សាទីផ្សារជាច្រើនឆ្នាំ និងចាយថវិកាយ៉ាងច្រើនក្នុងពេលកន្លងមក នាំឲ្យមានលទ្ធផលនៅថ្ងៃនេះ នោះគឺ ការសម្ពោធម៉ាកអង្ករ «ម្លិះអង្គរ» «MALYS ANGKOR» ដែលមានសហព័ន្ធស្រូវអង្ករកម្ពុជាជាកម្មសិទ្ធិករ។

«ម្លិះអង្គរ» «MALYS ANGKOR» ជាម៉ាកអង្ករក្រអូបប្រណិតរបស់កម្ពុជា ដែលនឹងផ្តល់ការបញ្ជាក់ទៅលើប្រភេទអង្ករក្រអូបប្រណិតនានា ដែលកម្ពុជាផលិតបាន រួចកិនកែច្នៃ សម្រាប់នាំចេញ ឬចែកចាយក្នុងទីផ្សារក្ន្ងុងស្រុក។

រាល់ការប្រើប្រាស់ម៉ាក«ម្លិះអង្គរ» «MALYS ANGKOR» គឺជាការធានាចំពោះមុខច្បាប់ថា អង្ករនោះជាផលិតផលកម្ពុជា យ៉ាងពិតប្រាកដ។

ម៉ាកអង្ករជាការទន្ទឹងរង់ចាំដ៏យូរ ហើយ វាជាតម្រូវការចាំបាច់សម្រាប់ការធ្វើទីផ្សារ និង ការផ្តល់នូវទំនុកចិត្តសម្រាប់អ្នកប្រើប្រាស់។

កម្ពុជាបានចាប់យកឱកាសនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិជាផ្លូវការចាប់តាំងពីឆ្នាំ២០០៨។ ដោយមើលឃើញនូវសក្តានុពលក្នុងនាំអង្ករចេញ រាជរដ្ឋាភិបាលបានសម្រេចដាក់ចេញនូវគោលនយោបាយស្រូវអង្ករជាផ្លូវការក្នុងឆ្នាំ២០១០ ដែលកាលនោះ បរិមាណនាំអង្ករចេញទៅកាន់ទីផ្សារអន្តរជាតិជិត ៤០,០០០តោន ហើយ បរិមាណនាំចេញបានកើន៥ដង រហូតដល់២០០,០០០តោននៅឆ្នាំបន្ទាប់។

គួរជម្រាបថា នៅដំណាច់ឆ្នាំ ២០១៧ កម្ពុជាសម្រេចការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិជាង ៦៣៥,០០០តោនទៅកាន់ប្រទេស៦៣ក្នុងសកលលោក៕

មតិយោបល់