ព័ត៌មានសេដ្ឋកិច្ច

ផលិតផលកាហ្វេមកពី ២០ប្រទេស នឹងបង្ហាញវត្តមានក្នុងពិព័រណ៍កាហ្វេនិងFranchise នៅកម្ពុជា

នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍កាហ្វេ យីហោ និងអាជ្ញាបណ្ណកម្ពុជា ដែលនឹងប្រារព្ធធ្វើឡើង នៅក្នុងខែឧសភា ឆ្នាំ ២០១៧ខាងមុខនេះ នឹងមានវត្តមានពាណិជ្ជករមកពីបណ្តាប្រទេសជាង ២០ នឹងដាក់តាំងផលិតផលកាហ្វេ ដែលផ្តោតលើការផ្តល់ឱកាស ស្វែងរកដៃគូសហប្រតិបត្តិការរវាងក្រុមហ៊ុន និងក្រុមហ៊ុន និងអ្នកប្រើប្រាស់។ នេះបើយោងតាមការផ្សព្វផ្សាយកាលពីពេលថ្មីៗនេះ នៅក្នុងសន្និសីទសារព័ត៌មាន រៀបចំដោយក្រុមហ៊ុន CamGlobe Business & Investment Consultancy នឹងក្រុមហ៊ុន Conference Exhibition Management Services។

ក្រុមហ៊ុនទាំងពីរ នឹងរួមដៃគ្នា នាំមកនូវព្រឹត្តិការណ៍ពិព័រណ៍កាហ្វេនេះ ដែលរៀបចំធ្វើចាប់ពីថ្ងៃទី ៤-៦ ខែឧសភា ឆ្នាំ ២០១៧ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ដោយរំពឹងមានអ្នកចូលរួមប្រមាណ ៥០០០នាក់ ដែលចង់ស្វែងរកឱកាសធ្វើសហប្រតិបត្តិការជាមួយគ្នា។

ព្រឹត្តិការណ៍នេះ ធ្វើឡើងក្នុងគោលបំណងជម្រុញការវិនិយោគថ្មីៗបន្ថែម ផ្សព្វផ្សាយបំផុសឲ្យមានការចូលរួមពីពាណិជ្ជកម្មជាតិ-អន្តរជាតិ ដើម្បីបង្កើនទីផ្សារ គុណភាពកាហ្វេនៅកម្ពុជា និងស្វែងរកនូវគំនិតថ្មីៗក្នុងការបង្កើនអាជីវកម្មរបស់ពាណិជ្ជករ។

គួរបញ្ជាក់ផងដែរថា ក្នុងឆ្នាំ ២០១៥ តម្រូវការកាហ្វេក្នុងទីផ្សារកម្ពុជា មានរហូតដល់ ១២៥០តោន ខណៈទិន្នផលកាហ្វេក្នុងស្រុក ផលិតមិនទាន់បានគ្រប់គ្រាន់នៅឡើយទេ ដែលធ្វើឲ្យកម្ពុជានាំចូលកាហ្វេច្រើនពីប្រទេសឡាវ វៀតណាម និងបណ្តាប្រទេសផ្សេងៗបន្ថែមទៀត៕

cup-of-coffee

មតិយោបល់