រដ្ឋមន្រ្ដីក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសថា ក្នុងឆ្នាំ ២០១៨នេះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន នឹងរៀបចំចេញជា អនុក្រឹត្យថ្មីមួយ ទាក់ទងនឹងការបិទចំណាំងផ្លាត និងការដាក់ GPS លើរថយន្ដធំៗ ដើម្បីឱ្យដឹងអំពីល្បឿន និងទម្ងន់ផ្ទុករបស់រថយន្ដ។
ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្ដីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា ក្រសួងបានខិតខំប្រឹងប្រែង ក្នុងការរៀបចំតាក់តែងអនុក្រឹត្យ ស្ដីពីការបិទចំណាំងផ្លាត និងការដាក់ GPS ដោយតម្រូវឱ្យរថយន្ដធំៗ ត្រូវតែបិទចំណាំងផ្លាតព័ទ្ធជុំវិញឡាន ដើម្បីងាយស្រួលអាចមើលឃើញពេលយប់ ពីព្រោះឡានខ្លះគ្មានភ្លើងបំភ្លឺ ដែលងាយនឹងបង្កគ្រោះថា្នក់ចរាចរ នៅពេលយប់។
ឯកឧត្តមបានបញ្ជាក់ថា ការរៀបចំចេញជាច្បាប់ ឬអនុក្រឹត្យនេះ គឺដើម្បីឱ្យរថយន្ដទាំងនោះ បិទចំណាំងផ្លាតជុំវិញឡាន ដែលអាចងាយមើលឃើញគ្រប់បែបយ៉ាងទាំងអស់ និងជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរ កើតឡើងនៅពេលយប់ផងដែរ។
នេះជាវិធានការមួយល្អ និងជាការរួមចំណែកមួយបន្ថែមទៀត ដែលរាជរដ្ឋាភិបាល បាននិងកំពុងខិតខំតាមរយៈការជំរុញអប់រំផ្សព្វផ្សាយ និងការអនុវត្ដច្បាប់ចរាចរណ៍ផ្លូវគោក ឱ្យបានម៉ឺងម៉ាត់ ជាប់លាប់ និងមានតម្លាភាព៕
មតិយោបល់