ព័ត៌មានបច្ចេកវិទ្យា

ធ្លាយពុម្ព Galaxy S9 ក្នុងវីដេអូឃ្លីបខ្លីមួយ ខណៈថ្ងៃប្រកាសចេញជិតមកដល់

ក្រុមហ៊ុនផលិតស្មាតហ្វូនតាមធម្មតា តែងចេញពុម្ពគំរូនៃផលិតផលលំដាប់ខ្ពស់ដែលជិតប្រកាសចេញរបស់ពួកគេ ចែកចាយទៅដល់ក្រុមហ៊ុនដៃគូដែលទទួលផលិតឧបករណ៍ប្រើប្រាស់បន្ទាប់បន្សំសម្រាប់វា តួយ៉ាងដូចជាសម្បកជាដើម។ ធ្វើដូច្នេះ ក្រុមហ៊ុនទាំងនោះអាចមានភាពងាយស្រួលក្នុងការរចនា​ និងផលិតចេញឧបករណ៍ទាំងនោះឱ្យបានរួចរាល់ ទាន់ពេលទូរសព្ទប្រកាសចេញ។

ជារឿយៗនោះដែរ ពុម្ពទូរសព្ទទាំងនោះច្រើនត្រូវគេទម្លាយឱ្យឃើញ ខណៈថ្ងៃបើកបង្ហាញផលិតផលពិតខិតជិតចូលមកដល់ ហើយរឿងបែបនេះ គឺកំពុងកើតឡើងចំពោះ Galaxy S9 ដែលត្រៀមបង្ហាញវត្តមានជាផ្លូវការ នាថ្ងៃទី ២៥ កុម្ភៈខាងមុខ
នៅក្នុងវីដេអូឃ្លីបដ៏ខ្លីមួយដែលមានរយៈពេលត្រឹម​ ៥ វិនាទី រូបរាង Galaxy S9 ត្រូវបានគេលើកយកមកកាន់បង្ហាញ ហើយត្រឡប់ឱ្យឃើញទាំងផ្ទៃខាងមុខ និងខាងក្រោយ។

តាមរយៈរូបរាងក្នុងវីដេអូ លោកអ្នកប្រហែលជាឆ្ងល់ហើយថា តើហេតុអ្វីបានជា S9 មានកាមេរ៉ាក្រោយតែមួយអីចឹង ម៉េចបានជាមិនមានពីរ។

បើយោងតាមព័ត៌មានចចាមអារ៉ាមកន្លងមកបានអះអាងថា កាមេរ៉ាក្រោយភ្លោះរបស់កំពូលស្មាតហ្វូនត្រកូល Galaxy S របស់ Samsung គឺមានតែនៅលើម៉ូឌែល Plus (+) ប៉ុណ្ណោះ ខណៈម៉ូឌែល S9 ធម្មតា នឹងប្រើកាមេរ៉ាតែមួយ។ ប៉ុន្តែ វានៅតែអាចផ្តិតយករូបភាពឡូយៗ ដូចជាបែបព្រាលក្រោយច្បាស់មុខបានដដែល ដោយសារតែក្រុមហ៊ុនប្រើប្រាស់នូវបច្ចេកវិទ្យា Dual Pixel និង Variable Aperture ដែលអាចផ្លាស់ប្តូរកម្រិតចាប់យកបាច់ពន្លឺពី f/1.5 ទៅ f/2.4 បាន៕

ប្រភពព័ត៌មានៈSlashLeaks

មតិយោបល់