ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស លីមីតធីត សហការជាមួយក្រុមហ៊ុន Kamworks Utility គ្រោងចំណាយទុន ២.៥លានដុល្លារអាមេរិក សាងសង់រោងចក្រផលិតថាមពលព្រះអាទិត្យធំជាងគេបង្អស់នៅកម្ពុជា។ នេះបើយោងតាមការឲ្យដឹងពីគេហទំព័រ Cambodia Beer។
រោងចក្រផលិតថាមពលព្រះអាទិត្យនេះ នឹងក្លាយជារោងចក្រធំជាងក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលត្រូវការបន្ទះថាមពលព្រះអាទិត្យប្រមាណ ៧ពាន់បន្ទះ។
រោងចក្រនេះ មានមូលដ្ឋានស្ថិតនៅទីតាំងរោងចក្រស្រាបៀរកម្ពុជា គឺស្ថិតក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោរ ដើម្បីផ្គត់ផ្គង់ថាមពលព្រះអាទិត្យ ជំនួសឲ្យថាមពលអគ្គិសនី នៅក្នុងខ្សែសង្វាក់ផលិតកម្មនៃរោងចក្រ។
លោក លាង ពៅ អគ្គនាយកក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស លីមីតធីត បានលើកឡើងថា ការដំឡើងរោងចក្រថាមពលព្រះអាទិត្យនេះ នឹងជួយកាត់បន្ថយការប្រើប្រាស់ថាមពលអគ្គិសនីពី អគ្គិសនីកម្ពុជា ហើយក៏ជាការតាំងចិត្តថ្មីមួយ របស់ក្រុមហ៊ុន ក្នុងកិច្ចការបរិស្ថាន និងការសន្សំសំចៃថាមពល។
គួរបញ្ជាក់ដែរថា ក្រុមហ៊ុន Kamworks Utility ជាក្រុមហ៊ុនបុត្រសម្ព័ន្ធនៃក្រុមហ៊ុន Kamworks ដែលមានបទពិសោធន៍ជាច្រើនឆ្នាំ លើផ្នែកដំឡើងរោងចក្រថាមពលព្រះអាទិត្យ៕
មតិយោបល់