ព័ត៌មានសេដ្ឋកិច្ច

បាត់ដំបង សៀមរាប កែប ទទួលពានរង្វាន់ជ័យលាភីទីក្រុងទេសចរណ៍ស្អាតអាស៊ាន

កាលពីម្សិលមិញនេះ ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញចូលរួម និងឡើងទទួលពានរង្វាន់ជ័យលាភីឡាបិលក្រុងបាត់ដំបង ជាទីក្រុងទេសចរណ៍ស្អាតអាស៊ាន នាឱកាសវេទិកាទេសចរណ៍អាស៊ាន ២០១៨ នៅសណ្ឋាគារ Shangri-La Hotel, Chiang Mai នៅខេត្តឈៀងម៉ៃ ព្រះរាជាណាចក្រថៃ។ នេះបើយោងតាមការឲ្យដឹងពី រដ្ឋបាលខេត្តបាត់ដំបង។

ក្នុង​វេទិកា​ទេសចរណ៍​អាស៊ាន ២០១៨នេះ ក៏មាន​កិច្ចប្រជុំ​ផ្សេងៗ​ទៀត​ជាច្រើន ដែលមាន​ជាអាទិ៍​ កម្ម​វ​ធី​ជួបប្រជុំ​សមាគម​ឧស្សាហកម្ម​ទេសចរណ៍​អាស៊ាន ការប្រគល់​រង្វាន់​ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន​ ​រង្វាន់​សណ្ឋាគារ​បៃតង​អាស៊ាន រង្វាន់ ASEAN MICE Venue Standard ​និង​រង្វាន់​និរន្តរភាព​ទេសចរណ៍​អាស៊ាន ដល់​ប្រទេស​សមាជិក​អាស៊ាន និង​កម្មវិធី​ពិព័រណ៍​ទេសចរណ៍​អាស៊ាន​ (TRAVEX) ដែលមាន​ការចូលរួម​ពី​សំណាក់​ប្រ​ត្តិ​ប​ត្តិ​ករ​ទេសចរណ៍​អាស៊ាន​ជា​អ្នកលក់ (Sellers) និង​អ្នកទិញ (Buyers) ពី​ក្នុង​តំបន់ និង​ពិភពលោក​ផងដែរ​។

សម្រាប់ព្រះរាជាណាចក្រកម្ពុជា ខេត្ត-ក្រុងដែលទទួលបានពានរង្វាន់រួមមាន ពានរង្វាន់ទីក្រុងទេសចរណ៍ស្អាតអាស៊ាន (Asean Clean Tourist City ) មានក្រុងបាត់ដំបង ក្រុងសៀមរាប និងក្រុងកែប រង្វាន់សណ្ឋាគារបៃតងអាស៊ានចំនួន ៥ (រួមមាន ១.សណ្ឋាគារ រីសត ថ្ងៃបាំងឆ័ត្រ ២.ភូមិបៃតង ឋានសួគ៌ធម្មជាតិ ៣.សណ្ឋាគារ រីសត Sokhalay Angkor ៤.សណ្ឋាគារ រីសត និងភោជនីយដ្ឋាន Nataya Round House Coral Bay ៥.សណ្ឋាគារ Villa Lang Ka Boutique) រង្វាន់បន្ទប់ប្រជុំអាស៊ាន (ប្រភេទក្នុងសណ្ឋាគារ) ចំនួន ៥ (រួមមាន ១.សណ្ឋាគារ រីសត Sokha សៀមរាម និង Convention Center ២.សណ្ឋាគារ Garden City ៣.សណ្ឋាគារ រីសត Sokhalay និង Spa ៤.សណ្ឋាគារ Sofitel ANGKOR Phukettra ៥.សណ្ឋាគារ រីសត Apsara Palace) និង រង្វាន់ទេសចរណ៍ប្រកបដោយនិរន្តរភាពអាស៊ាន ចំនួន ២ (រួមមាន ១.វត្តភ្នំ ភ្នំពេញ ២.កសិ-ទេសចរណ៍ចំការម្រេចកែប)។

ការប្រគល់រង្វាន់នេះធ្វើឡើងដើម្បីពង្រឹងភាពទាក់ទាញ និងបង្កើនភាពប្រកួតប្រជែងរបស់ទីក្រុងទេសចរណ៍អាស៊ាន ក៏ដូចជាពង្រឹងគុណភាពផលិតផល និងសេវាកម្មទេសចរណ៍ ស្របតាមផែនការយុទ្ធសាស្រ្តទេសចរណ៍អាស៊ាន២០១៦-២០២៥ សំដៅធ្វើឲ្យអាស៊ានក្លាយជាគោលដៅទេសចរណ៍ប្រកបដោយគុណភាព និងភាពទាក់ទាញ ផ្តល់ភាពកក់ក្តៅដល់ភ្ញៀវទេសចរ៕

មតិយោបល់