ព័ត៌មានសេដ្ឋកិច្ច

អគារតាំងលក់រថយន្ត Mercedes-Benz ធំជាងគេបំផុតនៅកម្ពុជា បើកសម្ពោធជាផ្លូវការ

អគារតាំងលក់ និងមជ្ឈមណ្ឌលថែទាំរថយន្ត Mercedes-Benz ធំជាងគេបំផុតនៅកម្ពុជា តម្លៃជាង ១០លានដុល្លារអាមេរិក បានបើកសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការ កាលពីព្រឹកថ្ងៃទី ២៨ ខែកុម្ភៈនេះ។

អគារថ្មីនេះ ចំណាយពេលសាងសង់ ២ឆ្នាំ ស្ថិតនៅលើផ្ទៃដីចំនួន ៥ពាន់ម៉ែត្រការ៉េ ដែលមានទីតាំងស្ថិតនៅទីក្រុង ING City តាមបណ្តោយផ្លូវ ៦០ម៉ែត្រ ក្បែរសាលារៀនអន្តរជាតិភ្នំពេញ ISPP។

អគារតាំងបង្ហាញថ្មីនេះ គឺធំទូលាយជាងមុន ៦ដង ដែលអាចដាក់រថយន្តតាំងបង្ហាញបានគ្រប់ម៉ូដែលនៃ រថយន្ត Mercedes Benz ហើយក្រុមហ៊ុន ក៏មានកន្លែងជួសជុល និងថែទាំរថយន្តលំដាប់ថ្នាក់ពិភពលោក និងមានឃ្លំាងផ្ទុកគ្រឿងបន្លាស់ដ៏ធំ សម្រាប់ផ្គត់ផ្គង់ផ្នែកគ្រឿងបន្លាស់គ្រប់ប្រភេទ សម្រាប់រថយន្ត Mercedes Benz ផងដែរ។

លោក James Zemke អគ្គនាយកក្រុមហ៊ុន Star Auto Cambodia បានលើកឡើងថា អគារ មានស្តង់ដារកម្រិតខ្ពស់ ក្នុងការសន្សំសំចៃថាមពល និងការប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យពី ៣០ ទៅ ៤០ភាគរយ ដើម្បីចូលរួមកាត់បន្ថយផលប៉ះពាល់លើបរិយាកាស និងថែរក្សាបរិស្ថាន។

លោក ឃុន ចាន់ថា នាយកផ្នែកលក់ និងទីផ្សារក្រុមហ៊ុន Star Auto Cambodia បានឲ្យដឹងដែរថា ការប្តូរមកកាន់ទីតាំងថ្មីនេះ នឹងផ្តល់ភាពងាយស្រួលដល់អតិថិជន ព្រោះអគារនេះ អាចតាំងរថយន្តបានកាន់តែច្រើន មានចំណតធំទូលាយ និងមានផ្លូវធំ ងាយស្រួលសម្រាប់ការបើកបរសាកល្បងរថយន្តរបស់អតិថិជន។

ក្រុមហ៊ុន Star Auto Cambodia ក៏រំពឹងដែរថា ផ្នត់គំនិតនៃការប្រើប្រាស់រថយន្តនៅកម្ពុជា នឹងមានការប្រែប្រួលពី ការប្រើប្រាស់រថយន្តចាស់ (មួយទឹក) ប្តូរទៅ ការប្រើប្រាស់រថយន្តថ្មី ហើយនឹងបន្តប្តូរទៅរកការប្រើប្រាស់រថយន្តប្រណិត ព្រោះកម្ពុជា ជាប្រទេសដែលកំពុងរីកលូតលាស់ខ្លាំង ជាមួយកំណើនសេដ្ឋកិច្ចមិនថមថយ៕

មតិយោបល់