កាលពីពេលថ្មីៗនេះ រោងចក្រកែច្នៃផលជ័រកៅស៊ូរបស់ក្រុមហ៊ុន C.R.C.K 2 Aphivath Caoutchouc Co., Ltd ដែលមានទីតាំងនៅឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំ បានបើកសម្ពោធឲ្យដំណើរការជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម យឹម ឆៃលី ឧបនាយករដ្ឋមន្រ្តី ប្រធានក្រុមប្រឹក្សាស្តារ និងអភិវឌ្ឍវិស័យកសិកម្ម និងជនបទ។
ក្នុងពិធីនេះដែរ ក៏មានការចូលរួមពីសំណាក់ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ ឯកឧត្តម Vu Quang Minh ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំព្រះរាជាណាចក្រកម្ពុជា រួមជាមួយឯកឧត្តម លោកឧកញ៉ា លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ។
គិតមកទល់ដំណាច់ឆ្នាំ ២០១៧ រោងចក្រកែច្នៃផលជ័រកៅស៊ូបស់ក្រុមហ៊ុន C.R.C.K 2 Aphivath Caoutchouc Co., Ltd បានធ្វើការដាំដុះលើផ្ទៃដីប្រមាណជា ១៦,២៦៩ហិកតា ដែលបានបោះទុនវិនិយោគអស់ថវិកាចំនួន ១២០ លានដុល្លារអាមេរិក។
នេះជាការវិនិយោគដំណាក់កាលទី១ របស់ក្រុមហ៊ុន សរុបជាង ១០លានដុល្លារអាមេរិក ដែលត្រូវកសាងរោងចក្រ និងឃ្លាំងស្តុកកៅស៊ូ លើផ្ទៃដីជាង ១០ហិកតា មានលទ្ធភាពផលិតជ័រកៅស៊ូជាង ២១,៥០០តោនក្នុង ១ឆ្នាំ។
គួរជម្រាបថា ក្រុមហ៊ុន មានផែនការពង្រីកការវិនិយោគដំណាក់កាល ទី២ ដែលនឹងមានលទ្ធភាពផលិតជ័រកៅស៊ូជាង ៤៥,០០០តោនក្នុង ១ឆ្នាំ ហើយបច្ចុប្បន្នបានបង្កើតការងារជូន ប្រជាពលរដ្ឋប្រមាណជា ២០០០នាក់៕
មតិយោបល់