នៅក្នុងរបាយការណ៍បូកសរុបការងារ ឯកឧត្តមបណ្ឌិត គុណ ញឹម អគ្គនាយកនៃអគ្គនាយដ្ឋានគយ និងរដ្ឋាករកម្ពុជា បានគូសបញ្ជាក់ថា ក្នុងឆ្នាំ ២០១៧ ចំណូលសុទ្ធ (Net revenue) ពន្ធអាករគយសម្រេចបានជាង ៧៦៦២ ប៊ីលានរៀល ស្មើនឹងជាង ១៩០១លានដុល្លារអាមេរិក ត្រូវជាប្រមាណ ១០៤.៥% នៃផែនការដែលកំណត់ដោយច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ ២០១៧។
តួលេខនេះបង្ហាញពីកំណើនប្រមាណ ១០.៤% ធៀបនឹងលទ្ធផលចំណូលឆ្នាំ ២០១៦។
ក្រៅពីលទ្ធផលចំណូលពន្ធនិងអាករគយ ឯកឧត្តមអគ្គនាយកក៏បានលើកឡើងផងដែរនូវ សមិទ្ធផលសំខាន់ៗ នៃការអនុវត្តផែនការសកម្មភាពឆ្នាំ ២០១៧ របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា រួមមាន ពង្រឹងការងារបច្ចេកទេសគយ និងអនុលោមភាពនីតិវិធីគយ, ការងារបង្ការនិងបង្ក្រាបអំពើរត់គេចពន្ធ, កិច្ចសម្រួលពាណិជ្ជកម្ម, កិច្ចសហប្រតិបត្តិការអន្តរជាតិ, ការអភិវឌ្ឍន៍ធនធានមនុស្ស និងការពិគ្រោះយោបល់ជាមួយវិស័យឯកជន ជាដើម។
ជាមួយគ្នានេះ ក៏មានការណែនាំដល់មន្ត្រីគយនិងរដ្ឋាករទាំងអស់ ត្រូវយកចិត្តទុកដាក់លើការងារជាអាទិភាពចំនួន ៨ ចំណុច រួមមាន៖
ទី១.ការបន្តពង្រឹងអភិបាលកិច្ចនិងក្រមសីលធម៌វិជ្ជាជីវៈ ដោយត្រូវប្រកាន់ខ្ជាប់អភិក្រមការងារទាំង៤ប្រការរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
ទី២. ការលើកកម្ពស់អនុលោមភាពវិស័យឯកជនតាមរយៈការបង្កើនការយល់ដឹងពីតម្លៃនៃវប្បធម៌សារពើពន្ធ និងការអនុវត្តឲ្យបានម៉ឺងម៉ាត់នូវក្រមសីលធម៌សម្រាប់ជើងសាគយ
ទី៣.ការបន្តជំរុញកិច្ចសម្រួលពាណិជ្ជកម្មបន្ថែមទៀត តាមរយៈការកែលម្អនីតិវិធីគយ, ការ អនុវត្តប្រព័ន្ធស្វ័យប្រវត្តិកម្មនានា រួមទាំងការជម្រុញបង្កើតបញ្ជរតែមួយជាតិ និងការអនុវត្តយន្តការលើកទឹកចិត្តដល់ធុរជនដែលមានអនុលោមភាពខ្ពស់
ទី៤.ការពង្រឹងយន្តការពិគ្រោះយោបល់ជាមួយវិស័យឯកជន
ទី៥.ការពង្រឹងប្រសិទ្ធភាពការងារបង្ការនិងបង្ក្រាបអំពើរត់គេចពន្ធ
ទី៦. ការពង្រឹងសមត្ថភាពមន្ត្រីគយលើការងារបច្ចេកទេសគយ រួមមាន តម្លៃគិតពន្ធគយ, ចំណាត់ថ្នាក់ទំនិញ, វិធានដើមកំណើតទំនិញ និងកម្មសិទ្ធិបញ្ញា ព្រមទាំងការងារគោលនយោបាយគយផងដែរ
ទី៧. បន្តកិច្ចសហការជាមួយក្រសួង/ស្ថាប័នពាក់ព័ន្ធ ដូចជាអគ្គនាយកដ្ឋានពន្ធដារ, ក្រសួងសាធារណការនិងដឹកជញ្ជូន, ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ក្រសួងពាណិជ្ជកម្ម និងក្រសួងពាក់ព័ន្ធផ្សេងទៀត
និងទី៨.បង្កើនកិច្ចសហប្រតិបត្តិការជាមួយរដ្ឋបាលគយនៃប្រទេសជិតខាងក្នុងការផ្លាស់ប្តូរព័ត៌មានអំពើរត់គេចពន្ធ និងការសម្រួលនីតិវិធីគយ ជាដើម៕
មតិយោបល់