បើយោងតាមអង្គការសុខភាពពិភពលោក WHO បានប៉ាន់ប្រមានថា ក្នុងឆ្នាំ ២០១៦មានអ្នកស្លាប់ដោយសារតែជំងឺកញ្ជ្រិលចំនួន ៨៩,៧៨០នាក់ ដែលភាគច្រើនកើតឡើងចំពោះកុមារក្រោមអាយុ ៥ឆ្នាំ។
ទោះបីជាយ៉ាងណាជំងឺនេះ អាចបង្ការបានយ៉ាងមានប្រសិទ្ធភាពតាមរយៈការចាក់វ៉ាក់សាំងបង្ការ។ ក្នុងឆ្នាំ ២០០០ ដល់ ២០១៦ វ៉ាក់សាំងបង្ការជំងឺកញ្ជ្រិលបានការពារមនុស្សប្រមាណ ២០,៤លាននាក់ មិនឲ្យស្លាប់ដោយសារតែជំងឺកញ្ជ្រិលនៅទូទាំងពិភពលោក ដែលមានការធ្លាក់ចុះអត្រានៃការស្លាប់ចំនួន ៨៤ភាគរយក្នុងឆ្នាំ ២០០០។
ជំងឺកញ្ជ្រិល នៅតែកើតមានឡើងចំពោះប្រជាជនចំនួន ១១៨ប្រទេស នៅជុំវិញពិភពលោក។ ប៉ុន្តែប្រទេសនានា បានអនុវ័តគោលដៅលុបបំបាត់ជំងឺនេះនៅក្នុងឆ្នាំ ២០២០ ហើយបានអនុវត្តវិធានការមួយចំនួនជាពិសេស គឺការចុះចាក់ថ្នាំបង្ការដល់កុមារប្រឆាំងនឹងជំងឺនេះ។
ទោះជាយ៉ាងណា នៅដើមឆ្នាំ ២០១៨ជំងឺនេះនៅតែមានវត្តមាននៅក្នុងបណ្តោលប្រទេសជាច្រើន នៅទូទាំងពិភពលោក។ ដូចជានៅប្រទេសអ៊ុយក្រែន ក្នុងរយៈពេលពីរសប្តាហ៍ដំបូននៃដើមឆ្នាំ ២០១៨ ត្រូវបានគេរកឃើញថា មានយ៉ាងហោចណាស់ ១,២៨៥ករណី ដែលជំងឺកញ្ជ្រិល (កើតលើកុមារ ៧៧ភាគរយ) ហើយក្នុងនោះមាន ៥ករណីដែលបានស្លាប់ រួមទាំងកុមារ ៣ករណី។
ក្នុងប្រទេសអ៊ុយក្រែន មានអត្រាចាក់ថ្នាំបង្ការជំងឺទាបបំផុតក្នុងចំណោមប្រទេសនៅអឺរ៉ុប។ នៅចក្រភពអង់គ្លេស ដើមឆ្នាំ ២០១៨ ក៏ត្រូវបានគេកត់សម្គាល់ឃើញដែរថា ជំងឺកញ្ជ្រិលមានការកើនឡើងក្នុងតំបន់ចំនួន ៥ ដែលមាន ១០០ករណី។ មិនតែប៉ុណ្ណោះនៅក្នុងឆ្នាំ ២០១៧ ប្រទេសរ៉ូម៉ានីមាន ៨,២៧៤ករណី ប្រទេសអីតាលី ៤,៨៨៥ករណី ប្រទេសអាល្លីម៉ង់ ៩១៩ករណី ប្រទេសក្រិច ៩៦៨ករណី ប្រទេសបារាំង ៧៧ករណី ស៊ុយអែត ២៦ករណី។
ករណីភាគច្រើន កើតមានឡើងដោយសារតែកុមារមិនបានចាក់ថ្នាំបង្ការជំងឺកញ្ជ្រិលឲ្យបានត្រឹមត្រូវ។
បើយោងតាមស្ថិតិរបស់អង្គារសុខភាពពិភពលោក WHO នៅក្នុងឆ្នាំ ២០១៦ ប្រទេសចំនួន ២០ ក្នុងចំណោមប្រទេសនៅទ្វីបអ៊ឺរ៉ុប មានអត្រាចាក់វ៉ាក់សាំងបង្ការជំងឺកញ្ជ្រិលតិចជាង ៩៥ភាគរយក សម្រាប់ការចាក់វ៉ាក់សាំងលើកទី២។
នៅក្នុងទ្វីបអាស៊ី ចន្លោះខែវិច្ឆិការឆ្នាំ ២០១៧ និង ខែមករា ២០១៨ ជាពិសេសប្រទេសហ្វីលីពីនក៏ត្រូវាបានគេកត់ត្រាឃើញមានការកើនឡើងនៃករណីកើតជំងឺកញ្ជ្រិលដែរ។ រយៈពេលជាងពីរខែមាន ២២២ករណីត្រូវបានរកឃើញកើតជំងឺនេះ តែមិនមានអ្នកស្លាប់ទេ។
ទន្ទឹមនឹងនេះផងដែរ តំបន់នៅឆ្ងាយដាច់ស្រយាលនៃប្រទេសឥណ្ឌូណេស៊ី ក៏មានករណីផ្ទុះឡើងនៃជំងឺនេះកាលពីខែកញ្ញា ២០១៧ ហើយមានអ្នកស្លាប់យ៉ាងហោចណាស់ ៥៩នាក់។
ទោះជាយ៉ាងណាបច្ចុប្បន្ននេះ នៅតាមបណ្តោលប្រទេសជាច្រើន កំពុងតែធ្វើសកម្មភាពយ៉ាងខ្លាំង ដើម្បីទប់ស្តាត់ការរីករាលដាលនៃជំងឺកញ្ជ្រិល ដោយបង្កើតយុទ្ធនាការចាក់វ៉ាក់សាំងបង្ការ៕
ប្រភព៖ soha
មតិយោបល់