ក្រុមហ៊ុនអាកាសចរណ៍ថ្មីចំនួន ១៣ផ្សេងទៀត នឹងឈានជើងចូលក្នុងវិស័យអាកាសចរណ៍ស៊ីវិលនៅកម្ពុជា ក្នុងឆ្នាំ ២០១៨នេះ ដើម្បីបម្រើវិស័យអាកាសចរណ៍នៅកម្ពុជា ឱ្យកាន់តែប្រសើរឡើងថែមទៀត ខណៈដែលចំនួនអ្នកធ្វើដំណើរតាមយន្តហោះ កំពុងមានការកើនឡើង។ នេះបើយោងតាម ទីភ្នាក់ងារសារព័ត៌មានជាតិ។
ឯកឧត្តម កែវ ស៊ីវ៉ន អគ្គនាយកអាកាសចរស៊ីវិល បានឲ្យដឹងថា ក្រុមហ៊ុនអាកាសរណ៍ចំនួន ១៣ថ្មី ផ្សេងទៀត នឹងចាប់ផ្តើមដំណើរការនៅកម្ពុជា ក្នុងឆ្នាំ ២០១៨នេះ រួមមានក្រុមហ៊ុនក្នុងស្រុកចំនួន ៣ គឺក្រុមហ៊ុនអាកាសចរណ៍កម្ពុជា, ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិ ខេស៊ី និងក្រុមហ៊ុនអាកាសចរណ៍ព្រីន រួមនឹងក្រុមហ៊ុនក្រៅស្រុក ចំនួន ១០ផ្សេងទៀតដែរ។
តាមរយៈក្រុមហ៊ុនអាកាសចរណ៍ថ្មីនេះ នឹងជួយសម្រួលដល់ ការដឹកជញ្ជូនផ្លូវអាកាសឱ្យកាន់តែប្រសើរឡើងផងដែរ ជាក់ស្តែងនៅ ឆ្នាំ ២០១៧កន្លងទៅ មានអ្នកធ្វើដំណើរចូលមក កម្ពុជាតាមយន្តហោះ មានប្រមាណ ៨លាននាក់កើនឡើង ១លាននាក់ បើធៀបនឹងឆ្នាំ ២០១៦។
ទន្ទឹមនឹងភាពរីកចម្រើននេះ រាជរដ្ឋាភិបាលគ្រោងបង្កើតព្រលានយន្តហោះថ្មី ៣កន្លែងទៀត រួមមាននៅខេត្តកណ្តាលមួយកន្លែង ខេត្តសៀមរម មួយកន្លែង និងនៅស្រុកបុទុមសាគរ ខេត្តកោះកុងមួយកន្លែងទៀត។
ឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋលេខាធិការនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានមានប្រសាសន៍ ថា រហូតមកដល់បច្ចុប្បន្ននេះមានក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកចំនួន ១០ និងក្រុមហ៊ុនអាកាសចរណ៍បរទេសហោះហើរមកកម្ពុជា ចំនួន ៤០ក្រុមហ៊ុនហើយ ដែលមិនយូរប៉ុន្មានទៀតទេ ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក នឹងកើនឡើងដល់ ១៣ក្រុមហ៊ុន រីឯក្រុមហ៊ុនក្រៅស្រុកឡើងដល់ ៥០ក្រុមហ៊ុនដែរ។
ជាមួយគ្នានេះដែរ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា បានរកចំណូលចូលរដ្ឋបានប្រមាណ ៣៦លានដុល្លារអាមេរិក ក្នុងឆ្នាំ ២០១៧ កើនឡើងប្រមាណ ១០ភាគរយ ធៀបនឹងឆ្នាំ ២០១៦ ហើយសម្រាប់ឆ្នាំ ២០១៨នេះ ការរកចំណូលចូលរដ្ឋ នឹងបន្តកើនឡើងទៀត ព្រោះក្រុមហ៊ុនហោះហើរកាន់តែ មានច្រើននៅកម្ពុជាហើយ៕
មតិយោបល់